ក្រសួងសុខាភិបាលចិន បានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,០០៤នាក់ និងអ្នកឆ្លងបានបន្តកើនដល់ ៧៤,១៨៥នាក់ហើយ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមតួរលេខចេញពីក្រសួងសុខាភិបាលចិន បានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,០០៤នាក់ និងអ្នកឆ្លងបានបន្តកើនដល់ ៧៤,១៨៥នាក់។

គួរម្លឹកផងដែរថា កាលពីថ្ងៃម្សិលមិញមនុស្ស ១៣៦នាក់បន្ថែមទៀតបានស្លាប់ និងមនុស្សឆ្លងថ្មីទៀតមានចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។

ដោយឡែក នៅក្រៅចិនដីគោកវិញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីននេះមានចំនួន ៩០៥នាក់ ក្នុងនោះជប៉ុនជាប់លេខ ២ បន្ទាប់ពីចិន ដែលអ្នកផ្ទុក COVID-19 រហូតដល់ជាង ៦០០ករណីឯណោះ។

បើទោះបីជាទិន្នន័យនៃចំនួនអ្នកឆ្លងវីរុសនៅតែកើនឡើងជាលំដាច់យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលចិនដដែលនោះ ក៏បានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។

គួរជម្រាបថា មកទល់ពេលនេះករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន ០៤ករណី រួមមាន៖ ១ករណីនៅកោះតៃវ៉ាន់, ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង៕

អត្ថបទដែលជាប់ទាក់ទង