អាក្រក់ណាស់! ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិដង្កោ ធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើអនិតិជន អាយុទើបតែ៥ឆ្នាំ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិដង្កោ ធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើអនិតិជន អាយុទើបតែ៥ឆ្នាំ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចផ្ទះជនសង្ស័យគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះ មានឈ្មោះ សៅ សូដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមបណ្តឹងរបស់ឈ្មោះ វិត ស្រីទូច ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់នំ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ វ.ស.ល ភេទស្រី អាយុ៥ឆ្នាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទលេងនៅលើតុ ក្រោមផ្ទះ។

ពេលនោះជនសង្ស័យបានដើរចេញពីផ្ទះ ដែលមានចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិបាគូខាងលើដែរ ហើយជនសង្ស័យក៏បានចាប់ទាញដៃក្មេងស្រីរងគ្រោះចូលទៅក្នុងផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពចាប់អោប ហើយសម្រាតខោក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភ ធ្វើឲ្យក្មេងស្រីរងគ្រោះមានការឈឺចាប់ ក៏ស្រែកយំរកម្តាយឲ្យជួយ ។ បន្ទាប់មកអ្នកជិតខាងបានឮក្មេងយំ ក៏ទៅមើលឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភលើក្មេងស្រីរងគ្រោះ ក៏បានចាប់ទាញជនសង្ស័យចេញ ហើយរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។

ក្រោយមកទើបម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានយកកូនទៅព្យាបាលនៅពេទ្យសម្ភពរាជធានីភ្នំពេញ រួចក៏បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ដោយយកទឹកនោមជនសង្ស័យខាងលើ មកធ្វើតេស្តិ៍ប្រភេទ Rapid Diagnostic Test (តេស្តិ៍រហ័សសម្រាប់ស្វែងរកសារធាតុញៀនប្រភេទមេតំហ្វេតាមីនក្នុងទឹកនោម) ដោយ តេស្តិ៍នៅចំពោះមុខជនសង្ស័យជាលទ្ធផល វិជ្ជមាន ដែលបង្ហាញយ៉ាងច្បាស់ថា ជនសង្ស័យ (ឈ្មោះ សៅ សូដា) ពិតជាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង