រន្ធត់ណាស់! ស្ត្រីម្នាក់ បានជ្រើសយកការសម្លាប់ខ្លួនលោតទម្លាក់ខ្លួនពីលើអគារ ចោលកូនប្រុសតូចៗ២នាក់ឲ្យនៅកំព្រាម្តាយ

ភ្នំពេញ៖ ស្ត្រីម្នាក់ បានស្លាប់យ៉ាងរន្ធត់ ដោយជ្រើសយកការសម្លាប់ខ្លួនលោតទម្លាក់ខ្លួនពីលើអគារ ចោលកូនប្រុសតូចៗ២នាក់ឲ្យនៅកំព្រាម្តាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់បុរីជីបម៉ុង តាមបណ្តោយផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីដែលស្លាប់នេះមានឈ្មោះ សូ ស្រីល័ក្ខ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរសន្តិសុខបុរីជីបម៉ុង (ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ) ។

តាមប្រភពព័ត៌មាន ក៏ដូចជាការបំភ្លឺរបស់ឈ្មោះ កែវ រតនា ឈ្មោះ ហ៊ុន កុសល និងឈ្មោះ ប្រាក់ សុខចាន់ ដែលជាសន្តិសុខបុរីជីបម៉ុង បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ វេលាម៉ោង១២ ជនរងគ្រោះមានទំនាស់ជាមួយបុគ្គលិកអនាម័យស្រីរបស់ក្រុមហ៊ុនបុរីជីបម៉ុង ទើបឈ្មោះ កែវ រតនា ជាអនុប្រធានសន្តិសុខ បានណែនាំសពឲ្យប្តូរគោលដៅយាមថ្មី កុំឲ្យមានទំនាស់ឈ្លោះគ្នាទៀត។

លុះដល់ថ្ងៃកើតហេតុ ស្រាប់តែជនរងគ្រោះបានឡើងទៅលើធ្នឹមអគារហាត់ប្រាណ កម្ពស់៣ជាន់ដែលកំពុងសាងសង់ក្នុងបុរី ហើយលោតចុះមកក្រោមបោកក្បាលនឹងផ្លូវបេតុងបណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសាកសពដល់ទីតាំងកើតហេតុ ដោយបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយការធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតមែន។ អ្វីដែលកម្សត់ទៅទៀតនោះ ការស្លាប់របស់ស្ត្រីខាងលើនេះ បានបន្សល់ទុកកូនប្រុសតូចៗចំនួន២នាក់ ឲ្យនៅកំព្រាតែលតោល ហើយត្រូវលោកយាយខាងឪពុក យកទៅមើលថែបន្ត ទាំងដែលម្តាយគាត់ទើបតែស្លាប់បាន១ឆ្នាំប៉ុណ្ណោះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពស្ត្រីរងគ្រោះទៅឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង