នៅក្នុងជំនួប សិស្សទាំង ១,៩៧៧នាក់ សម្តេច មានប្រសាសន៍ថា ៖ ប្រហែលដល់ថ្ងៃ៣១ ខែកុម្ភៈ ទើបកម្ពុជាឆ្លងវីរុសកូរ៉ូណា COVID-19

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ មាននារី ៨១៥នាក់។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល និយាយបែបលេងសើចនិងក្នុងន័យចំអកឲ្យអ្នករិះគន់សម្តេចយ៉ាងដូច្នេះថា៖ «ស្រុកខ្មែរ អត់ទាន់មានកើតជំងឺ (កូរ៉ូណា) មួយទេ …ប្រហែលដល់ថ្ងៃ៣១ ខែកុម្ភៈ ឯណោះ ទើបជំងឺហ្នឹង កើតឡើង»។

ជាមួយគ្នានេះដែរប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា៖«បើអត់មាន៣១កុម្ភៈ អាហ្នឹងវាអត់ (មានជំងឺហ្នឹងហើយ) វា ចប់ហើយ»។ មេដឹកនាំរូបនេះ ក៏បានប្រកាសដែរថា កម្ពុជា មានសមត្ថភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃការរាលដាលវីរុស COVID-19។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបែបនេះក៏ព្រោះតែជឿជាក់ខ្លាំងថា នឹងមិនមានពលរដ្ឋកម្ពុជាណាម្នាក់ ឆ្លងវីរុស COVID-19 (កូរ៉ូណា) នោះទេ។ ការបង្ហាញក្តីជឿជាក់នេះ គឺដើម្បីឆ្លើយតបនឹងមជ្ឈដ្ឋានខ្លះ ដែលចោទសម្តេចថា នាំវីរុស COVID-19 ចូលស្រុក ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះ មានស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលជាអ្នកទេសចរលើនាវា Westerdam ក៏ត្រូវបានរកឃើញថា ផ្ទុកវីរុស COVID-19 ដែរ ក្រោយចាកចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង