បុរសម្នាក់សង្ស័យបែកថ្នាំបានយកកាំបិតយ៉ាងមុតអារប្រដាប់ភេទនិងអារដៃខ្លួនឯង ហូរឈាមខ្សោះខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗ

(សៀមរាប)៖ នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មមួយដោយ មានបុរសម្នាក់សង្ស័យបែកថ្នាំបានយកកាំបិតយ៉ាងមុតអារប្រដាប់ភេទនិងអារដៃខ្លួនឯង ហូរឈាមខ្សោះខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ ញ៉ាញ់ អាយុ៣២ឆ្នាំ មុខរបរ កម្មករលើកឪឡឹកនៅផ្សារសាមគ្គី ក្រុងសៀមរាប ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានបន្តថា បុរសរូបនេះទំនងប្រើប្រាស់ថ្នាំញៀនជ្រុលធ្វើឲ្យវង្វេងស្មារតី បានកាន់កាំបិតក្នុងដៃ និងស្រែកខ្លាំងៗថាមិនចង់រស់ទេ។ ពេលនោះធ្វើឲ្យផ្អើលឆោឡោដល់ក្រុមគ្រួសារ និងអ្នកជិតខាង នាំគ្នាទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយធ្វើអន្តរាគមន៍។

ពេលសមត្ថកិច្ចទៅដល់ធ្វើអន្តរាគមន៍ដើម្បីយកកាំបិតចេញពីដៃធ្វើឲ្យរងរបួសដល់សមត្ថកិច្ចម្នាក់ ហើយទីបំផុតបុរសនេះបានយកកាំបិតនេះទៅអារប្រដាប់ភេទ និងកាត់ដៃខ្លួនឯងបណ្ដាល ឱ្យហូរឈាមខ្សោះខ្លួនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ខណ:ដែលសមត្ថកិច្ចទូរស័ព្ទហៅរថយន្ត
សង្រ្គោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមកដល់មិនទាន់ដល់ផងនោះ។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះធ្វើអត្តឃាតបែបនេះបណ្ដាលមកពីប្រើប្រាស់ថ្នាំញៀនជ្រុល។ សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង