ឯកឧត្តម គួច ចំរើន បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងផ្អាកចេញទូកនេសាទនៅលើផ្ទៃសមុទ្រ

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងផ្អាកចេញទូកនេសាទនៅលើផ្ទៃសមុទ្រ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៧ ខែសីហានេះ ដោយសារតែមានភ្លៀង ខ្យល់ជាបន្តបន្ទាប់ ដោយសារឥទ្ធិពលខ្យល់ព្យុះ ធ្វើអោយតំបន់មាត់សមុទ្រ លើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ច្រើន ប្រឈមជំនន់ទឹកភ្លៀង ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ អាចបង្កឲ្យមានគ្រោះថ្នាក់។

លោក គួច ចំរើន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះកុមារតូចៗ និងមនុស្សចាស់ ម្យ៉ាងទៀតផ្អាកការចេញទូកលើផ្ទៃសមុទ្រ ដែលអាចងាយមានគ្រោះថ្នាក់។ ប្រជាពលរដ្ឋទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហមជាបន្ទាន់ នៅពេលត្រូវការជំនួយសង្រ្គោះបន្ទាន់ចាំបាច់នានា។ ហើយក៏សូមឲ្យអាជ្ញាធរ​គ្រប់ផ្នែកពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព ចុះតាមដាន ពិនិត្យសុខទុក្ខដោយផ្ទាល់ ពិនិត្យមើលបញ្ហាប្រឈម តម្រវការជាក់ស្ដែង និងការការពារដល់ប្រជាពលរដ្ឋគ្រប់រូប ៕

សូមជម្រាបផងដែរថា កាលពីនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តព្រះសីហនុបានធ្វើការ ជូនដំណឹងនិងស្នើឱ្យ​ពលរដ្ឋផ្អាកការធ្វើដំណើរតាមផ្លូវទឹក ៤ ថ្ងៃ បន្ទាប់ពីក្រសួងប្រកាសថា កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះស៊ីនឡាគូ (SINLAKU) ដែលជា សម្ពាធទាបសកម្មមួយ បានកើតឡើង នៅលើ​សមុទ្រចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប។បាតុភូតនេះ វិវត្ត​ទៅ​ជាព្យុះ ស៊ីនឡាគូ ហើយធ្វើដំ​ណើរមកដល់​ភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃទី ២ ខែសីហា។ ឥទ្ធិពលរបស់ព្យុះ នឹងធ្វើឲ្យខ្យល់មូសុងនិរ​តី​បង្កើនល្បឿន​បក់បោក ខ្លាំងមកលើកម្ពុជា និងបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឱ្យ មានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។ ចំពោះស្ថានភាពរអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទដែលជាប់ទាក់ទង