ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបានចាប់រំលោភលើនារីម្នាក់បានសម្រេច

(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបានចាប់រំលោភលើនារីម្នាក់បានសម្រេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក នៅចំណុចភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

បើយោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ.ស.ស.យ. ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមើលក្មួយមានទីលំនៅភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនសង្ស័យឈ្មោះ យ៉ាន់ ចាន់ហួន ហៅ ក្លូ ភេទប្រុសអាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង មានទីលំនៅ ភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នគរបាលដដែល បានបន្តទៀតថា ជនរងគ្រោះបានមកស្នាក់នៅជាមួយម្តាយ ក្នុងផ្ទះជួលភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ធ្វើសំណង់ក្នុងបូរីចតុមុខ។ ឯជនសង្ស័យ ក៏មកស្នាក់ធ្វើសំណង់ក្នុងបូរីចតុមុខនោះដែរ ដោយបន្ទប់នៅក្បែរគ្នា។ នៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២០ ម៉ោង១០ ជនសង្ស័យ បានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះម្តងរួចមកហើយ។ ពេលនោះជនសង្ស័យនិយាយថា «អញសុំបឺតមាត់ និងឱបមួយ» តែជនរងគ្រោះមិនឆ្លើយតបទេរួច រត់ចេញពីបន្ទប់មកក្រៅទៅ។

ក្រោយមកជនរងគ្រោះ ក៏បានប្រាប់ម្តាយដែរ តែម្តាយមិនប្តឹងសមត្ថកិច្ចទេ ដោយគិតថាមិនបានប៉ះពាល់អីផង។ លុះដល់ថ្ងៃកើតហេតុខាងលើ វេលាម៉ោង៦ និង៣០នាទី បងស្រីបង្កើតជនរងគ្រោះចេញទៅធ្វើការ ដោយទុកជនរងគ្រោះ ឱ្យដេកនៅជាមួយក្មួយ។

ឃើញឱកាសល្អ ជនសង្ស័យរុញទ្វារបន្ទប់ចូលក្នុងបន្ទប់ជនរងគ្រោះ រួចស្ទុះទៅចាប់ជនរងគ្រោះសង្គ្រប់ពីលើ យកដៃម្ខាងខ្ទប់មាត់ និង ដៃម្ខាងទៀតស្រាតខោរបស់ជនរងគ្រោះ។ ភ្លាមនោះជនរងគ្រោះខំស្រែក តែស្រែកមិនរួចឡើយ ហើយជនសង្ស័យ ក៏បានធ្វើសកម្មភាពរំលោភរហូតបានសម្រេចតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្រាប់បងស្រីរបស់ខ្លួន និងរាយការណ៍ជូនដល់ប៉ូលិសប៉ុស្តិ៍ស្វាយជ្រំ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុក បន្តចាត់ការតាមនីតិវិធី៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង