ស្ត្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ ត្រូវបាន អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ស្ត្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ ត្រូវបានបញ្ជាក់ថាមិនមានផ្ទុកកូវីដ១៩ និងបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។
បើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងដែរថា «ក្រុមការងារចត្តាឡីស័កកំពុងរៀបចំឲ្យស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងលោកស្រី រ៉ូស វីរ៉ា ដើម្បីចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេលគ្រប់១៤ថ្ងៃ។ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃនេះគាត់នឹងចាកចេញហើយ»។
គួររម្លឹកផងដែរថា ស្ត្រីឈ្មោះ រ៉ូស វីរា កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មី។

សូមបញ្ជាក់ផងដែរថា ស្ត្រីរូបនេះ បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ហើយស្ត្រីរូបនេះផងដែរ ក៏ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

លុះដល់នាយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា។ ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។៕

អត្ថបទដែលជាប់ទាក់ទង