ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល

(ព្រះវិហារ)៖ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀត បានរងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ ៦០ ម.ម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិកានគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ហេតុការណ៍ដែលបណ្តាលឲ្យមានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌប្រភេទក្បាលគ្រាប់ត្បាល់៦០ ម.ម ខាងលើនេះ ដោយមុនដំបូងឪពុករបស់កុមារារងគ្រោះ បានទៅស្រែហើយក៏បានប្រទះឃើញក្បាលគ្រាប់ត្បាល់ប្រភេទនេះ ក៏បានរើសកាន់មកទុកចោលនៅក្បែរផ្ទះ។

ដោយខ្លួនភ្លេចរាយការណ៍ទៅកាន់ក្រុមស៊ីម៉ាក់ ដើម្បីយកទៅកំទេចចោល ចៃដន្យកូនរបស់ខ្លួនរួមនឹងកុមារីចំនួន២នាក់ទៀត បានបបួលគ្នាមកលេងតែមិននឹកស្មានថា កូននិងក្មេងៗទាំងនោះ បានយកក្បាលគ្រាប់ទៅដំលេងនោះឡើយក៏ផ្ទុះឡើងយ៉ាងកក្រើកផ្ទះប្រៀបដូចផ្គរលាន់ទាំងកណ្តាលថ្ងៃត្រង់ ដែលមេឃមិនមានងងឹតភ្លៀងយ៉ាងដូច្នេះអញ្ចឹងនោះឡើយ។

ក្រោយដុំផ្សែងខ្មៅបានរសាត់បាត់ទៅដោយបន្សល់ទុកនៅសាកសពកូនរបស់ខ្លួនធ្វើឲ្យឪពុកយំសោកបោកខ្លួន។

គួរបញ្ជាក់ថា កុមារាកុមារីដែលរងគ្រោះក្នុងកាផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ៦០ មមខាងលើនោះរួមមាន៖

*ទី១៖ ឈ្មោះ ស្មាន់ ម៉ា ភេទប្រុស អាយុ៥ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ
*ទី២៖ ឈ្មោះ អឹម ម៉ារ៉ា ភេទស្រី អាយុ៤ឆ្នាំ រងរបួសធ្ងន់
*ទី៣៖ ឈ្មោះ ហេង ពៅ ភេទស្រី អាយុ៤ឆ្នាំ រងរបួសធ្ងន់
*ទី៤៖ ឈ្មោះ សំ ស្មាន ភេទប្រុស អាយុ៤២ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់សាកសពកុមារារងគ្រោះទាំងអស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច្ច័យដោយសន្និដ្ឋានថា កុមារាដែលស្លាប់ និងរងរបួសខាងលើនេះ ប្រាកដមកពីផ្ទុះគ្រាប់ត្បាល់ប្រភេទ៦០ ម.ម មែន។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពកុមារារងគ្រោះឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ដោយឡែកកុមារីដែលរងរបួសធ្ងន់ទាំង២នាក់ខាងលើ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង