ស្នងការដ្ឋាននគរបាល បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធចំពោះព័ត៌មានដែលបង្ហោះថា មានមន្ត្រីចរាចរណ៍ម្នាក់ជំរិតទាលុយ នៅគោលដៅរង្វង់មូលចោមចៅ

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធចំពោះព័ត៌មានដែលបង្ហោះថា មានមន្ត្រីចរាចរណ៍ម្នាក់ជំរិតទាលុយ នៅគោលដៅរង្វង់មូលចោមចៅ។

តាម Facebook Page ផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា«សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះជាភាសាចិនមួយ ដែលបានយករឿងមិនពិតតាំងពីឆ្នាំ២០១៩ មកផុស ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មាន ដែលគណនីហ្វេសបុកឈ្មោះជាអក្សរចិន បានចុះផ្សាយថា មានមន្ត្រីចរាចរណ៍ម្នាក់ជំរិតទាលុយ ពីគាត់នៅគោលដៅរង្វង់មូលចោមចៅ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវលើករណីនេះ ព្រមទាំងបានហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាល១រូប ដែលឈរជើង នៅគោលដៅនោះ មកធើ្វការសាកសួរបំភ្លឺ ដោយទទួលបានលទ្ធផលដូចតទៅ៖

យោងតាមរបាយការណ៍ របស់ផ្នែកអន្តរាគមន៍ និងការបំភ្លឺរបស់មន្រ្តីទាំងពីរនាក់នោះ ជាមួយក្រុមការងារអនុវត្តវិន័យរបស់ការិយាល័យ បានបញ្ជាក់ថា ការបង្ហោះក្នុងគណនី ហ្វេសបុកដែលចោទប្រកាន់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល មានមន្រ្តីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ហេង ម៉េងហ៊ុន ឈរជើងនៅគោលដៅរង្វង់មូលចោមចៅ បានហៅឡានគាត់ត្រួតពិនិត្យច្បាប់ចរាចរណ៍ និងបានជំរិតទារប្រាក់ចំនួន៤០ដុល្លារ និង៣០,០០០រៀល ពីម្ចាស់រថយន្តនោះ គឺជាព័ត៌មានមិនពិតនោះទេ។

ប៉ុន្តែគាត់ បានទទួលស្គាល់ថារូបភាពនេះ គឺជារូបរបស់គាត់ពិតប្រាកដមែន កាលពីជាង១ឆ្នាំមុន ដែលពេលនោះ កម្លាំងកំពុងឈរសម្រួលចរាចរណ៍ ដោះស្រាយ ការកកស្ទះ នៅចំណុចរង្វង់មូលចោមចៅ មានអ្នកដំណើរតាមដងផ្លូវ បានហុចប្រាក់ចំនួន២០ដុល្លារ និងអ្នកផ្សេងទៀតបានឲ្យ១០ដុល្លារ ទៅឲ្យលោកអនុសេនីយ៍ទោ អ៊ុំ សត្រា ដើម្បីទិញទឹក និងចំណីហូប ព្រោះឃើញកម្លាំងហត់នឿយខ្លាំង ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ បន្ទាប់មកលោកអនុសេនីយ៍ទោ អ៊ុំ សត្រា ក៏បានប្រគល់ប្រាក់នោះ ឲ្យទៅលោក ហេង ម៉េងហ៊ុន ជាមន្រ្តីជាប់កិច្ចសន្យារក្សាទុក។

ក្នុងករណីនេះ អាចមានជនមិនស្គាល់មុខ លួចថតសកម្មភាព នៅពេលឃើញមន្រ្តីជាប់កិច្ចសន្យារូបនេះ កំពុងតែកាន់លុយនៅនឹងដៃ ដោយមានចេតនាអាក្រក់ ដើម្បីមូលបង្កាច់ និងបង្ខូចកិត្តិយសសមត្ថកិច្ច»៕

អត្ថបទដែលជាប់ទាក់ទង