ផ្កាយរណបដំបូងរបស់សហភាពមីយ៉ាន់ម៉ា នឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាស នៅក្នុងពេលឆាប់ៗខាងមុខនេះ

(រ៉ង់ហ្គូន)៖ ផ្កាយរណបដំបូងរបស់សហភាពមីយ៉ាន់ម៉ា នឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាស នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយដល់ការតាមដាន អំពីគ្រោះធម្មជាតិនានាជាមុន ដែលអាចសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

ផ្កាយរណបរបស់មីយ៉ាន់ម៉ា ដែលកំពុងត្រៀមធ្វើការបាញ់បង្ហោះ ទៅកាន់គន្លងគោចរជុំវិញភពផែនដីខាងលើនេះ គឺស្ថិតនៅក្នុងគម្រោងរួមគ្នាមួយ ជាមួយប្រទេសអាស៊ីចំនួន ០៩ ស្ថិតនៅក្នុងគោលដៅតាមដានព្យុះទីហ្វុង គ្រោះរញ្ជួយដី និងធនធានទឹក ក៏ដូចជាស្រាវជ្រាវទិន្នន័យអំពីការប្រើប្រាស់ដីធ្លី ដែលមានប្រយោជន៍ដល់ការបង្កបង្កើនផលដំណាំ និងទប់ស្កាត់ជំងឺឆ្លងផងដែរ។

នេះគឺជាការវិនិយោគលើវិស័យអវកាស ដំបូងបំផុតសម្រាប់មីយ៉ាន់ម៉ា ដែលត្រូវបានចាត់ទុកជាប្រទេស មានការអភិវឌ្ឍតិចតួចមួយនៅទ្វីបអាស៊ី។ ការអភិវឌ្ឍបណ្តាញផ្កាយរណបតូចៗរួមគ្នាខាងលើនេះ ក៏មានការចូលរួមពីប្រទេសអាស៊ានមួយចំនួនដូចជា ហ្វីលីពីន វៀតណាម និងឥណ្ឌូណេស៊ីផងដែរ។

ជុំវិញគម្រោងខាងលើ ដែលបានទទួលជំនួយពីក្រុមជំនាញមកពីជប៉ុននោះ លោក គ្រី ថាវីន (Kyi Thwin) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិស្វកម្មអវកាសមីយ៉ាន់ម៉ា (MAEU) បានលើកឡើងយ៉ាងដូច្នេះថា «វាមិនសូវចំណាយច្រើននោះឡើយ ប្រសិនបើយើង អភិវឌ្ឍផ្កាយរណបមួយដោយខ្លួនឯង។ បច្ចេកវិទ្យាមួយនេះ នឹងជួយជម្រុញសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាគ្រោងចំណាយប្រមាណ ១៦លានដុល្លារអាមេរិក សម្រាប់ការបាញ់ផ្កាយរណបរបស់ខ្លួនដំបូង នៅក្នុងចំណែកពីកញ្ចប់ថវិកា ដែលវិស័យអវកាសមីយ៉ាន់ម៉ា គ្រោងចំណាយរហូតដល់ ១០០លានដុល្លារ។ ការបាញ់បង្ហោះជាផ្លូវការ នឹងអាចកើតឡើងនៅដើមឆ្នាំ២០២១ ចេញពីទឹកដីជប៉ុន ហើយមីយ៉ាន់ម៉ាក៏បានត្រៀម មជ្ឈមណ្ឌលគ្រប់គ្រងផ្កាយរណបរួចជាស្រេចដែរ នៅលើទឹកដីរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង