មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសធ្ងន់

(ស្វាយរៀង)៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូវ៉ាជែងជ្រុល ទៅបុកជាមួយរថយន្ដមួយគ្រឿងបញ្ច្រាសទិសគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

បើយោងតាមសេចក្តីសមត្ថកិច្ច បានអោយដឹងថា  នៅមុនពេលកើតហេតុ មានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច (Next) ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងជាមួយរថយន្តហាយឡិនឌ័រមួយគ្រឿង ស្របទិសគ្នាក៏ជ្រុលចង្កូតបុកជាមួយរថយន្តសុីណា ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើតមកលិច បណ្តាលឲ្យខ្ចាត់ចូលក្រោមរថយន្តធុនធំមួយគ្រឿងទៀត ដែលចតចោល ធ្វើឲ្យមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងចំនួន ២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ។

សមត្ថកិច្ចបន្តទៀតថា ចំពោះជនរងគ្រោះទាំងអស់គឺពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏កំពុងស្រាវជ្រាវរកសាច់ញាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង