ប្រទេសកូរ៉េខាងត្បូង មិនធ្វើអាជ្ញាកណ្តាល លើកិច្ចការនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងទេ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhab នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ប្រទេសកូរ៉េខាងត្បូង បានច្រានចោលនូវរបាយការណ៍ព័ត៌មានមួយ ដែលថាខ្លួនបានព្យាយាមមិនទទួលជោគជ័យ ក្នុងការសម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលដែលអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីដើមខែនេះ។

ជាមួយគ្នានោះទីភ្នាក់ងារសារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍នៅមុននេះបន្តិចថា មន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីលក្ខខណ្ឌសម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មុនដំណើរទស្សនកិច្ចរបស់លោក Biegun ទៅកាន់ទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី ៧-៩ ខែកក្កដា ដើម្បីពិភាក្សាជាមួយប្រេសិតនុយក្លេអ៊ែរកូរ៉េខាងត្បូង។

សារព័ត៌មាននេះបាននិយាយថា កូរ៉េខាងត្បូងបានស្នើថា ខ្លួននឹងព្យាយាមបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់ចោលមិនត្រឹមតែរោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានរោងចក្រនុយក្លេអ៊ែរបន្ថែមទៀតផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកបានទាមទារថា ខ្លួនចង់ឱ្យទីក្រុងព្យុងយ៉ាងធ្វើអ្វីៗបន្ថែមទៀត ដោយក្នុងនោះរួមមានការប្រកាសមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលផ្លោងអន្តរទ្វីបផងដែរ។

បន្ទាប់មក ទីក្រុងសេអ៊ូលបានបញ្ជូនតម្រូវការទៅកាន់ទីក្រុងព្យុងយ៉ាងតាមរយៈបណ្តាញក្រៅផ្លូវការ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធ។ ក្រសួងការបរទេសនៅទីក្រុងសេអ៊ូល បានបដិសេធថាមិនបានផ្តល់សំណើបែបនេះទេ។

មន្ត្រីក្រសួងនេះបាននិយាយថា «របាយការណ៍នេះគ្មានមូលដ្ឋានទេ។ រដ្ឋាភិបាលមិនដែលធ្វើសំណើបែបនេះទេ»។

កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង នៅតែជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ របស់ពួកគេនៅទីក្រុងហាណូយកាលពីដើមឆ្នាំមុន ដែលបានបែកបាក់ដោយសារតែភាពខុសគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្តល់សម្បទានរបស់ទីក្រុងវ៉ាស៊ីនតោនទៅដល់កូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង