បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់

(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរ ដោយត្រូវរថយន្តបុកខ្ទាតផ្ទប់និងឃឿនផ្លូវខណៈ
ជិះម៉ូតូឌុបគ្នាតាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចខាងក្រោមស្ពានអាកាស៥មករា តាមបណ្តោយផ្លូវ ម៉ៅសេទុង កែងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក ។ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ធឿន ភេទប្រុសអាយុ ប្រមាណជាង ២០ ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែង។

មន្ត្រីប៉ូលិសផ្នែកចរាចរណ៍ខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបរតាមក្រោមស្ពានអាកាស៥មករា លើផ្លូវលេខ១១០ (សហព័ន្ធរុស្ស៊ី) ពីខាងលិចមកខាងកើត ហើយបាន បត់ឆ្វេងទៅខាងជើងមកលើផ្លូវម៉ៅសេទុង លុះមកដល់ចំនុចកើតហេតុក៏បានបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1CS ៥៤២១ បើកបរពីខាងកើតមកលិចតាមផ្លូវ១១០ (សហព័ន្ធរុស្ស៊ី) ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះបោកក្បាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ។ចំណែករថយន្តបង្កបានគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកបញ្ជូនតាមរថយន្ដទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនងទៅរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក ដែលបានបើកគេចចេញពីកន្លែងហេតុបាត់នោះប៉ូលីសខណ្ឌទួលគោក បានប្រគល់ទៅអោយការិយាល័យនគរបាលចរាចរណ៍ជើងគោករក្សារទុក ដើម្បីកសាងឯកសារបន្តទៅតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង