អាណិតណាស់! ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ត្រូវសត្វឪម៉ាល់ទិចស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ

(តាកែវ)៖ ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ត្រូវសត្វឪម៉ាល់ទិចស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ​មិនទាន់​នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិពោន ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ប្រភពព័ត៌មាន ពីសាច់ញាតិជនរងគ្រោះ លោក ស៊ុន ចាន់ថន បានប្រាប់សារព័ត៌មាន នៅថ្ងៃទី ២២ ខែកក្កដានេះ ឱ្យដឹង​ថា នៅម៉ោង ប្រមាណជា ៨ ព្រឹក ជីដូនឈ្មោះ អឿន បាននាំចៅទៅ​កាប់ស្លឹកត្នោតក្បែរ​ភូមិក្រោយផ្ទះ យកមកធ្វើ ដំបូលប្រក់ចង្ក្រានបាយ ស្រាប់តែកាប់ចំស្លឹកដែលមានសំបុក​ឪម៉ាល់​ផ្អើល មកទិចគាត់បណ្ដាលឱ្យរងរបួសនិងទិចចៅរបស់គាត់ មិនក្រោម ៥០ ទ្រនិចទេ​ធ្វើអោយជាតិ​ពិស​ជ្រាបពេញខ្លួនបណ្ដាលអោយស្លាប់បាត់បង់ជីវិត ព្រោះគ្មានប្រាក់​បញ្ជូនទៅព្យា​បាលនៅ​មន្ទីរ​ពេទ្យ។

លោកឱ្យដឹងថា ក្មេងប្រុសឈ្មោះ មួន កក្កដា ស្នាក់នៅតែពីរនាក់ ជីដូន ខណៈដែលម្តាយមក​បម្រើ​​ការងារនៅភ្នំពេញ ព្រោះតែជីវភាពក្រីក្រ។ បុរសដដែលបញ្ជាក់ថា ក្មេងប្រុសត្រូវសត្វឱម៉ាល់​ទិចបើរាប់ មិនក្រោម ៥០ ទ្រនិចទេ ដែលបានកើតឡើងនៅម៉ោង ប្រមាណ ជាង ០៨ ព្រឹក រហូតដល់​ម៉ោង ជាង១ ថ្ងៃត្រង់ ទើបស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យធំមិនទាន់ ព្រោះគ្មានមធ្យោបាយធ្វើដំណើរ និងគ្មានប្រាក់ចូលពេទ្យ។

បច្ចុប្បន្នសពរបស់កុមារា កក្កដា ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា និង រៀបចំបូជានៅព្រឹក ថ្ងៃទី២២ ចំណែកជីដូនឈ្មោះ អឿនកំពុងសំរាកព្យាបាលនៅមន្ទីរពេ្យ៕

អត្ថបទដែលជាប់ទាក់ទង