រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រម​ឱ្យក្រ​សួងអប់រំ យុវជន និងកីឡា សាកល្បង​បើកដំណើរការឡើង​វិញសាលា​រៀន​ឯកជនមានស្តង់ដាខ្ពស់ ចំនួន ២០

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ បានយល់ព្រម​ឱ្យក្រ​សួងអប់រំ យុវជន និងកីឡា សាកល្បង​បើកដំណើរការឡើង​វិញសាលា​រៀន​ឯកជនមានស្តង់ដាខ្ពស់ ចំនួន ២០ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និង​ក្រុងបាត់ដំបង។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី ២១ ខែកក្កដា អមដោយចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលអនុញាតិឱ្យដំណើរការសាកល្បង ប៉ុន្តែសាលាឯកជន ដែលដំណើរការ ត្រូវអនុវត្តតាមគោលការ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខសភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខ​ភាព ភិភពលោក( WHO)។

ថ្លែងប្រាប់សារព័ត៌មាន កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ ឱ្យដឹងថាដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។

ការបើកដំណើរការសាកល្បងនេះ រាជរដ្ឋាភិបាល បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរួចហើយ ទៅលើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ មន្ត្រីនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា សាលារៀនដែលសាកល្បងបើកដំណើរការ ត្រូវអនុវត្ត

នូវវិធានការចាំបាច់ រួមមាន÷

-គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យា ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។

-គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី÷ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។

-គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។

-គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស

-គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

-ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៊ឹងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។

ផ្អែកតា មបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទសាលារៀនទូរទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ នៅបំណាច់ខែមីនា ដើមឆ្នាំនេះ ហើយបន្តពន្យាពេលរហូត ដល់ជំងឺបានថមថយទើប រាជរដ្ឋាភិបាល ពិចារណាសាកល្បងបើកសាលារៀនដែលមានស្តង់ដាឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង