សមត្ថកិច្ចវែកមុខឃើញហើយ ស្ត្រីម្នាក់ដែលជាគ្រូពេទ្យត្រូវឃាតករសម្លាប់ រួចយកសពទៅបោះចូល ក្នុងស្រះទឹក

(កំពង់ធំ)៖ ករណីស្ត្រីម្នាក់ដែលជាគ្រូពេទ្យត្រូវឃាតករសម្លាប់ រួចយកសពទៅបោះចូល ក្នុងស្រះទឹក ត្រូវសមត្ថកិច្ចវែកមុខឃើញហើយ គឺជាប្តីរបស់ស្ត្រីរងគ្រោះតែម្តង។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ស្ត្រីជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ២៩ឆ្នាំ រស់នៅភូមិខ្វាន់ទៀត ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះជាអ្នកបើកបន្ទប់ព្យាបាលជំងឺទូទៅ ត្រូវជនសង្ស័យកាប់ចំកចញ្ចឹងក បណ្តាលឱ្យស្លាប់ រួចយកសពទៅបោះចោលក្នុងស្រះទឹក។

តាមសេចក្ដីរាយការណ៍បានបន្ដឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុនិងបានឃាត់ខ្លួន ប្តីរបស់នាងទៅសួរនាំ រហូតដល់រសៀលម៉ោង ២ ទើបជនសង្ស័យជាប្តី បានសារភាពថាខ្លួន ជាអ្នកកាប់ប្រពន្ធឱ្យស្លាប់ ដោយសារតែជម្លោះប្តីប្រពន្ធ។ ជនសង្ស័យជាប្តីឈ្មោះ ធល ធារិទ្ធអាយុ ៣០ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

គួររំលឹកថា កាលពីម៉ោង០6ព្រឹក ថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២០ នេះ បុរសជាប្តីបានប្រទះឃើញសាកសពស្ត្រីរងគ្រោះនៅក្នុងស្រះទឹកក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ទើបបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តង ដោយព្យាយាមបង្វែរដានមិនឱ្យសមត្ថកិច្ចចាប់បាន។ ប៉ុន្តែក្រោយពី ស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យជាប្តីរួចហើយ សមត្ថកិច្ចជំនាញបានចងក្រងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង