កំពូលតារាចម្រៀង សំនៀងផ្អែម មាស សុខសោភា ទទួលតំណែងថ្មីក្រោយចាកចេញពីថោន

កំពូលតារាចម្រៀង សំនៀងផ្អែម មាស សុខសោភា បើទោះបីជាមានអ្នកចម្រៀងវ័យក្មេងស្រករក្រោយរីកឡើងព្រោងព្រាតប្រកបដោយសមត្ថភាពយ៉ាងណា ក៏នៅតែមិនអាចជំនួសតំណែងនាងបាន។ ហើយអ្វីដែលកាន់តែពិសេសគឺនាងនៅតែត្រូវប៉ាន់ក្នុងនាមជាអ្នកតំណាងឱ្យការផ្សព្វផ្សាយផលិតផលតាមបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលថ្មីៗនេះ នាងស្រាប់តែក្លាយជាទូចសុឆន្ទៈឱ្យក្រុមហ៊ុន ដឹកជញ្ជូន ដែលមានសេវាកម្មគ្របដណ្ដប់ទូទាំងពិភពលោកទៀតផង។

ក្រៅពីតំណែងជាទូច សុឆន្ទៈថ្មោងថ្មីនេះ កំពូលតារារូបនេះ ក៏មានតំណែងជា ទូត សុឆន្ទៈឆ្នើមលើផលិតផលធំៗផ្សេងទៀតរហូតដល់ជាង ១០ ផលិតផលឯណោះ។ តាមប្រភពស្និទ្ធស្នាលពីកំពូលតារារូបនេះបានឱ្យដឹងថា ទោះបីជាជំងឺកូវីដ១៩ រាតត្បាតមិនអាចឡើងបង្ហើរសំនៀងតាមឆាកតន្រ្តីក្ដី ក៏កំពូលតារារូបនេះអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារពីការឈរឈ្មោះផ្សព្វផ្សាយលក់ផលិតផល និង ពីជំនួញផ្ទាល់ខ្លួនផ្សេងៗ។

ទាក់ទងនឹងទ្រនំជ្រកកោនក្រោយចាកចេញពីផលិតកម្ម ថោន កញ្ញានៅតែមិនទាន់លេចឮដំណឹងថាចូលទៅច្រៀងនៅផលិតកម្មថ្មីណាមួយនៅឡើយ ដោយកញ្ញាគ្រាន់តែបង្ហាញឆន្ទៈថានឹងពង្រឹងទីផ្សារចម្រៀងក្នុងផលិតកម្មផ្ទាល់ខ្លួនគឺ Camtrax music ឱ្យកាន់តែរឹងមាំជាងនេះទៀត៕

អត្ថបទដែលជាប់ទាក់ទង