បុរសជនជាតិចិនមានស្ថានភាពស្រវឹងជោកជាំ រួចយកកាំបិតកាប់សន្តិសុខ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

(ភ្នំពេញ)៖ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិចិន ដែលកាប់សន្ដិសុខឲ្យរបួសធ្ងន់ ព្រោះខឹងមិនឲ្យយកឆ្កែចូលបន្ទប់សណ្ឋាគារ។

សូមបញ្ជាក់ផងដែរថា បុរសជនជាតិចិនមានស្ថានភាពស្រវឹងជោកជាំ រួចយកកាំបិតកាប់សន្តិសុខ របស់សណ្ឋាគារមួយកន្លែង ក្នុងខណ្ឌចំការមន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងគេមិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ។
ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ជនបង្កឈ្មោះ Zhao Long Wei។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ឈ្មោះ ចេវ សារួន មុខរបរសន្ដិសុខ បានធ្វើការហាមឃាត់ មិនឲ្យជនបង្កយកឆ្កែចូលសណ្ឋាគារទេ ព្រោះជាបំរាមរបស់សណ្ឋាគារ។

ប្រភពដដែលបានបន្តទៀតថា ជនបង្កជនជាតិចិន មិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើង តាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ។ ភ្លាមនោះ ជនរងគ្រោះ និងសន្តិសុខផ្សេងទៀត បានទៅឃាត់ជនសង្ស័យ មិនឲ្យយកឆ្កែចូលបន្ទប់ឡើយ។

ក្រោយមកជនបង្កខឹងសម្បារ ក៏បានចូលយកកាំបិតមកកាប់លើជនរងគ្រោះ ចំចង្កេះខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទដែលជាប់ទាក់ទង