សង្ស័យឆ្លងចរន្តភ្លើង រថយន្តម៉ាកកូរ៉ូឡា០១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះផ្អើលពេញផ្សារ

(បាត់ដំបង)៖ សង្ស័យឆ្លងចរន្តភ្លើង រថយន្តម៉ាកកូរ៉ូឡា០១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះផ្អើលពេញផ្សារ ខណៈដែលម្ចាស់បើកចូលចតដើម្បីស្រស់ស្រូបអាហារពេលព្រឹក។

ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅវេលា ម៉ោង០៧និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចបរិវេណផ្សារថ្មគោល ស្ថិតក្នុងក្រុមទី៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងដែរថា រថយន្តមួយគ្រឿង ដែលមានម៉ាកកូរ៉ូឡា(COROLA)ពណ៍ស្ករស៊េរី១៩៩៨ ពាក់ផ្លាកលេខ ភ្នំពេញ2Y.1537 មានម្ចាស់ឈ្មោះ ភន់.គឹមសានភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងត្រូវបានឆេះម៉ាស៊ីនផ្នែកខាងមុខខូចខាត៥០%។

បើតាមការបញ្ជាក់ពីខាងម្ចាស់រថយន្ត បានប្រាប់ថានៅមុនពេលកើតហេតុរូបគាត់ បានបើករថយន្តចេញពីផ្ទះសំដៅចូលមកក្នុងផ្សារ និងចតចោលលើផ្លូវប៊ីតុងរួច ចុះចូលហូបអាហារពេលព្រឹក មួយសន្ទុះក្រោយមកទំនងឆ្លងចរន្តប៉ុយស៊ីក៏បណ្តាលឱ្យទុស្សេម៉ាស៊ីនឆេះឡើងតែម្តង។

ហើយភ្លាមៗនោះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យក្នុងអធិការស្រុក០១គ្រឿង ចុះអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេដោយសារពេលកើតហេតុភ្លាមអ្នកជិតខាង បានយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់បំពង់អស់០៦បំពង់ក៏អាចគ្រប់គ្រងស្ថានភាពបានទាំងស្រុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង