ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត លើគ្រោះទឹកជំនន់នៅខេត្តជាំងស៊ូ ដែលមិនធ្លាប់មានជាង​៦០ឆ្នាំមកនេះ

(ណានជីង)៖ នាយកដ្ឋានគ្រប់គ្រងធនធានទឹក នៅក្នុងខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បានប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) ទៅលើគ្រោះទឹកជំនន់ ដែលបង្កឡើងដោយទឹកទន្លេយ៉ាងសេ (Yangtze) កើនឡើងលើសកម្រិតប្រកាសអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

នាយកដ្ឋានខាងលើបានគូសបញ្ជាក់ថា ទឹកទន្លេយ៉ាងសេនៅត្រង់ចំណុចទីក្រុងណានជីង (Nanjing) នៃខេត្តជាំងស៊ូ បានហក់ឡើងដល់កម្រិត ១០.២៦ម៉ែត្រ លើសពីកម្រិតគ្រោះថ្នាក់ទៅហើយ ទើបអាជ្ញាធរបានចេញការប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់តែម្តង ហើយវាអាក្រក់ជាងកម្រិតខ្ពស់បំផុត ដែលទីក្រុងនេះធ្លាប់ជួបប្រទះ កាលពីឆ្នាំំ១៩៥៤ នោះទៅទៀត។

អាជ្ញាធរសង្គ្រោះបន្ទាន់​ប្រចាំខេត្តខាងលើនេះបានព្រមានថា កម្ពស់ទឹកនឹងបន្តស្ថិតនៅកម្រិតខ្ពស់រយៈពេលយូរទៀត ហើយប្រតិបត្តិការសង្គ្រោះ​កំពុងតែបន្តធ្វើឡើងឥតឈប់ឈរ។ ទឹកជំនន់នៅតាមបណ្តាខេត្តជាប់ទន្លេយ៉ាងសេ ជាពិសេសខេត្តភាគកណ្តាល និងភាគខាងកើត​ចិន បានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយ ខណៈមនុស្សសរុបជាង ១៤០នាក់ត្រូវបានអាជ្ញាធរចិនអះអាងថា បានស្លាប់ និងបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង