តុលាការសម្រេចចោទប្រកាន់ស្ដ្រី យកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ពីបទទារុណកម្ម និងអំពើឃោរឃៅ

(ភ្នំពេញ)៖ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លើស្ដ្រីចិត្តឆៅ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ ៥ឆ្នាំ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ហើយនោះ សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបន្តតាមនីតិវិធីផងដែរ។

ស្រ្តីជនសង្ស័យឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងនាំយកទៅសាកសួរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានបញ្ជូនទៅតុលាការកាលពីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតអារមុខ ច្រមុំ រួមទាំងកន្លែងមួយចំនួនទៀត របស់កុមារីម្នាក់អាយុ៥ឆ្នាំ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បានឲ្យដឹងថា ស្រ្តីដៃដល់ខាងលើ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។

ដើមហេតុនៃអំពើរឃោរឃៅនេះ កើតឡើងបន្ទាប់ពី ស្រ្តីសាហាវរូបនោះ ខឹងក្មេងស្រីរងគ្រោះ ធ្វើឲ្យកូនគាត់អាយុជាង២ឆ្នាំរបួសចេញឈាម ពេលក្មេងៗឈ្លោះប្រកែកគ្នា។

នៅចំពោះមុខសមត្ថកិច្ច ស្រ្តីជនសង្ស័យ បាននិយាយសារភាពថា ជម្លោះក្មេងៗនេះ បានធ្វើឱ្យគាត់ខឹងដេកអត់លក់២យប់ ដោយសារតែក្មេងស្រីខាងលើ ធ្វើឲ្យកូនគាត់របួសចេញឈាម ហើយអះអាងថា កូនគាត់ធំឡើងអាចនឹងក្លាយជាតារា ដូច្នេះគាត់ត្រូវសងសឹកលើក្មេងស្រីនេះ ដោយសុំត្រឹមតែឲ្យក្មេងស្រីនេះ ចេញរបួសឈាមវិញដូចជាកូនគាត់ណោះ។ ស្ត្រីខាងលើបាននិយាយទៀតថា នៅរសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិត រួចក៏ចាប់ក្មេងស្រីនោះអារ ឆូតមុខ ច្រមុះ និងដៃព្រមទាំងក បណ្តាលឱ្យរបួសធ្ងន់តែម្ដង។

រហូតមកដល់ពេលនេះ ក្មេងស្រីរងគ្រោះ កំពុងសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ៕

អត្ថបទដែលជាប់ទាក់ទង