ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ប្រតិកម្ម​ទៅ​នឹង​អាជ្ញាធរ​ខណ្ឌ​វាយ​កម្ទេច​របង​ផ្ទះ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួ​សារបាន​នាំ​គ្នា​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​តបត​ទៅ​នឹង សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ដាក់​គ្រឿងចក្រ​ទៅ​វាយ​កម្ទេច​របង​ផ្ទះ ខណៈ​ដែល​ម្ចាស់ផ្ទះ​ខ្លះ​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង និង​រុះរើ​ខ្លះ​ៗ​ទៅ​ហើយ​នោះ​។ ពួក​គាត់​ក៏​បាន​បញ្ជាក់ ថា ការ​តវ៉ា​នេះ​ពុំ​មែន​ជា​ការ​ជំទាស់ ឬ​រារាំង​ផែនការអភិវឌ្ឍន៍​របស់​អាជ្ញាធរ​នោះ​ទេ អ្នក​ដែល​ប៉ះពាល់​តម្រូវ ឲ្យ​រុះរើ​មាន​ទាំង​សងខាង​ផ្លូវ​ពុំ​មែនមាន​តែ​ខាង​ពួក​គាត់​ម្ខាង​នោះ​។

ពួក​គាត់​ព្រម​រុះរើ​ពេល​ណា​ក៏​បាន ប៉ុន្តែ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​អ្វី​ទៅ​តាម​គោលការណ៍​ច្បាប់ និង​ការ​ស្មើភាព​គ្នា កុំមក​វាយ​រុះរើ​តែ​ខាង​ពួក​គាត់ រីឯ​អ្នក​ដែល​ស្ថិត​នៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ប៉ះពាល់​ដូច​គ្នា​ដែរ​មិន​ព្រម​រុះរើ​សោះ​បែប​នេះ​។ ហេតុការណ៍​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​មិន​បាន​ជំទាស់​ទៅ​នឹង​ការ​អភិវឌ្ឍន៍​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ ត្រេកអរ​ខ្លាំង​ណាស់ ដែល​បាន​ផ្លូវ​ធំ​សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​អាជ្ញាធរ​ក៏​ពុំគួរ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បែប​នេះ​ដែរ ត្រូវ​មានការ​ចូលរួម​សហ​ការណ៍​ពី​សំណាក់​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ផង ទើប​ការ​អភិវឌ្ឍន៍​ទទួល​បាន ភាព​ជោគជ័យ និង​រលូន​ហើយ​មាន​ភាព សុខសាន្ត​ទាំងអស់​គ្នា​ទៅ​បាន មិន​មាន​អ្នក​សើច​ហើយ​ក៏​គ្មាន​អ្នក​យំ​។

ប៉ុន្តែ​ការ​ធ្វើ​ឡើង​នា​ពេល​នេះ​គឺ​អាង​អំណាច​ទាំងស្រុង និង​ខ្វះ​ធម៌​មេត្តា ខ្វះ​សុជីវធម៌ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ពេក​ហើយ នេះ​គឺ​ពួក​គាត់​មិន​ចង់​និយាយ​ដល់ ពាក្យ​អ្វី​លើស​ពី​នេះ​ទៀត​ទេ ឆ្លៀតពេល​ដែល​ពួក​គាត់​មិន​នៅ​បែរជា​នាំ​គ្នា​ដាក់​គ្រឿងចក្រ​វាយ​ខ្ទេចខ្ទី បណ្ដាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ ដូច​ជា​ម៉ាស៊ីនភ្លើង​គាត់​ថែម​ទៀត​ផង​។ ប្រជាពលរដ្ឋ​ខាងលើ​បាន​បន្ត ទៀត​ថា អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង​ឲ្យ​ធ្វើការ​រុះរើ​កាលពី​២​ស​ប្ដា​ហ៍​មុន ក្រោយមក​បាន​ហៅ​ទៅ​ចូលរួម ក្នុង​វេទិការ​សាធារណៈ​នៅ​ក្នុង​វត្ត​ពោធិ៍​ចិន​តុង អំពី​ការ​រុះរើ​ពង្រីក​ផ្លូវ ពេល​នោះ​ពួក​គាត់​មិន​បាន​ជំទាស់​ឡើយ តែ​សុំ​រុះរើ​ដោយ​ខ្លួនឯង​ពុំ​មែន​ឲ្យ​អាជ្ញាធរ​វាយ​កម្ទេច បែប​នេះ​ឡើយ​។

ម្យ៉ាង​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​អ្វី​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ និង​ធ្វើ​ដោយ​ស្មើភាព​គ្នា​ត្រូវ​រុះរើ​រាល់​ផល​ប៉ះពាល់​ទូទៅ​ទាំង​សងខាង​ផ្លូវ ហើយ​ផល​ប៉ះពាល់​ពុំ​មែន​តែ​ផ្ទះ ពួក​គាត់​ផ្ទះ​អ្នក​ដទៃ​ផ្សេង​ទៀត​នោះ​ទេ តែ​ក៏​នៅ​មាន​របង​សាលារៀន និង​របង​វត្ត​ក៏​តម្រូវ​ឲ្យ​រុះរើ​ផង​ដែរ ។ ពួក​គាត់​បាន​និយាយ​ប្រាប់​អាជ្ញាធរ​ហើយ​ប្រាប់​ទៀត​ថា ឲ្យ​តែ​រុះ​ទាំងអស់​គ្នា​គឺ​ពួក​គាត់​មិន​ជំទាស់​ដាច់ខាត តែ​ទោះជា​យ៉ាងណា រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ពួក​គាត់​ក៏​បាន​នាំ​គ្នា​រុះរើ​ខ្លះ​ៗ​ហើយ​ដែរ ព្រោះ​មិន​ចង់​ឲ្យ​អាជ្ញាធរ​វាយ​កម្ទេច​នាំ​ឲ្យ​ខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​។

តែ​បន្ទាប់​ពី​រុះរើ​បាន​ខ្លះ ពួក​គាត់​បាន​សម្រាក​សិន​រង់ចាំ​ពេលទំនេរ​រុះ​បន្ត​ទៀត ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ខណៈ​ដែល​ពួក​គាត់​ខ្លះ​រវល់​ចេញ​ក្រៅ​អាជ្ញាធរ​ក៏​បាន​ដាក់​គ្រឿងចក្រ​ទៅ​វាយ​របង​ខ្ទេចខ្ទីរ​ដោយ​ពុំ​បាន ប្រាប់​មួយ​ម៉ាត់ ហើយ​និយាយ​ឡើង​ការ​អភិវឌ្ឍន៍ តែ​រុះរើ​ត្រង់នេះ​បន្តិច​ត្រង់នោះ​បន្តិច មិន​ស្មើភាព​គ្នា​សោះ ខាង​ណា​រុះ​បាន​រុះ​តែ​ខាង​នោះ ឯខាង​ណា​ម្ចាស់​គេ​តឹងរ៉ឹង​អត់​ហ៊ាន​រុះ​របស់​គេ​ឡើយ​។ ដោយឡែក​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ឲ្យ​រុះរើ​រួច​ហើយ​តាំងពី​ថ្ងៃ​ទី​២៦ ខែមិថុនា​មក​ម្ល៉េះ ជម្រាប​ជូន​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន នៅ​អម​សងខាង​ផ្លូវ​លេខ​២០០៩ ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១​នោះ​។

ធ្វើការ​រុះរើ​សំណង់​ប៉ះពាល់​ចេញ ព្រោះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​ពង្រីក​ផ្លូវ​ទំហំ​១០​ម៉ែត្រ និង​ដាក់​លូ​១​ខ្សែ​តាម​បណ្ដោយ​ផ្លូវ​ដែល​មាន​បណ្ដោយ ប្រវែង​៧៥០​ម៉ែត្រ រហូត​ដល់​ព្រំប្រទល់​ខណ្ឌ​សែន​សុខ រហូត​ពេល​នេះ​ដល់កំណត់​ត្រូវ​រុះរើ​ក៏​ដាក់​គ្រឿងចក្រ​វាយ​រុះរើ​តែ​ម្ដង ដើម្បី​ឲ្យ​អ្នក​មិន​ទាន់​រុះ​នាំ​គ្នា​រុះ​ចេញ​តែ​ម្ដង​៕

អត្ថបទដែលជាប់ទាក់ទង