នារីម្នាក់ដែលរឹងមាំ! តារាចម្រៀង ទូច ស្រីលក្ខណ៍ បាននិយាយដោយភាពជឿជាក់ជាលើកដំបូងថានាងនឹងវិលមកជាថ្មីម្តងទៀត

មានការចាប់អារម្មណ៍ និង សាទរជាខ្លាំងក្រោយពីបានឃើញតារាចម្រៀង ទូច ស្រីលក្ខណ៍ បាននិយាយដោយភាពជឿជាក់ជាលើកដំបូងនៅក្នុងឆាកតន្រ្តីមួយថានាងនឹងវិលមកជាថ្មីម្តងទៀតក្នុងនាមតារាចម្រៀង ទូច ស្រីលក្ខណ៍ ដូចមុន ។

គេចាំបានថា ទូច ស្រីលក្ខណ៍ ធ្លាប់ជាតារាចម្រៀងដែលមានភាពក្រមិចក្រមើម និង មានកាយវិការរស់រវើកធ្វើឱ្យអ្នកទស្សនាមានការរីករាយនៅពេលមានវត្តមាននាងនៅលើឆាកតន្រ្តីម្តងៗ ប៉ុន្តែចុងក្រោយនេះ ទូច ស្រីលក្ខណ៍ ដែលធ្លាប់មានកាយវិការក្រមិចក្រមើមនោះបែរជាផ្លាស់ប្តូរមកជាសោកសៅ ហើយជារឿយៗនាងតែង បង្ហាញទុក្ខសោកទាំងនោះតាមរយៈការសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតនាងសារភាពថាមានជម្ងឺផ្លូវចិត្តទៀតផង ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀងដែលនិយមលេងស្ទីលតែងខ្លួនដូចតារាបស្ចឹមប្រទេសរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយរបស់ទូរទស្សន៍ភីអិនអិន ដោយបង្ហើរសំនៀងមួយបទដែលមានចំណងជើងថា «ទៅចុះឈឺប៉ុណ្ណឹងបានហើយ» ។ ក្នុងនោះ ទូច ស្រីលក្ខណ៍ បានសង្កត់ធ្ងន់ថានាងនឹងក្រោកឈរវិលមកក្នុងនាម ទូច ស្រីលក្ខណ៍ ជាថ្មីម្តងទៀត ។

នេះជាលើកដំបូងដែល ទូច ស្រីលក្ខណ៍ បានយកជីវិតឯកជនរបស់នាងលាតត្រដាងជាសាធាណៈទាំងទឹកភ្នែកបែបនេះថា នាងបានបាត់បង់ការលេងសើចជាមួយមនុស្សជុំវិញខ្លួនក្រោយពីនាងជួបរឿងបែកបាក់ជាមួយស្វាមី ។ មូលហេតុដែលនាងប៉ះពាល់ផ្លូវចិត្តខ្លាំងបែបនេះដោយសារនាងមិនដែលគិតថានាងនឹងជួបរឿងបែបនេះ ហើយអ្វីដែលនាងឈឺចាប់ខ្លាំងនោះគឺជីវិតប្តីប្រពន្ធនាងបានបន្សល់នូវកូនប្រុសមួយជាចំណងដៃ ដូនេះកូនប្រុសនេះហើយជាបេះដូងដែលធ្វើឱ្យនាងរឹងមាំដោយនាងត្រូវដើរតួជាឪពុកផង និង ម្តាយផង ។ ហាក់ខុសពីតារាដទៃទោះចែកផ្លូវគ្នាក៏ពិតមែនតែ ទូច ស្រីលក្ខណ៍ នៅតែរក្សាទុករូបភាពអនុស្សាវវីយ៍រវាងនាង និង អតីតស្វាមីនៅក្នុងហ្វេសប៊ុកដោយមិនមានការលុបចោលនោះទេ ៕

 

អត្ថបទដែលជាប់ទាក់ទង