នៅទីបំផុតអគ្គីភ័យត្រូវបានស្ថិតក្នុងការគ្រប់គ្រងហើយ ក្រោយពីបានឆាបឆេះក្នុងនាវាដឹកយន្តហោះចម្បាំងអាមេរិក អស់រយៈពេល ៤ថ្ងៃពេញ

(ឡូសអាន់ជែលែស)៖ នៅទីបំផុតអគ្គីភ័យត្រូវបានស្ថិតក្នុងការគ្រប់គ្រងហើយ ក្រោយពីបានឆាបឆេះក្នុងនាវាដឹកយន្តហោះចម្បាំងអាមេរិក USS បុនហូម រីឆាដ ( USS Bonhomme Richard) អស់រយៈពេល ៤ថ្ងៃពេញតែម្តង គិតចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

ជុំវិញជោគជ័យខាងលើនេះលោក ហ្វីលីព សូប៊ែក (Philip Sobeck) មេបញ្ជាការក្រុមប្រយុទ្ធទី៣ នៃនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard «ក្រុមជំនាញពន្លត់អគ្គីភ័យរបស់យើង កំពុងតែចុះទៅគ្រប់បន្ទប់ ដើម្បីឲ្យច្បាស់លាស់ថា ភ្លើងពិតជារលត់ទាំងស្រុង។ លុះត្រាតែអ្វីៗគ្រប់យ៉ាងទាំងអស់ ត្រូវបានបញ្ជាក់ថា ស្ថិតនៅក្នុងការគ្រប់គ្រង នោះទើបយើងអាចបើកការស៊ើបអង្កេត រកមូលហេតុដែលបានបង្កអគ្គីភ័យនេះបាន»

លោក Philip Sobeck បានគូសបញ្ជាក់ទៀតថា «យើងមិនបានដឹងអំពីចំណុចដំបូង ដែលអគ្គីភ័យបានចាប់ផ្តើមនោះឡើយ។ យើងក៏មិនទាន់ដឹងថា តើវាបានបង្កការខូចខាត ក្នុងកម្រិតណានៅឡើយដែរ។ ដូច្នេះវាហាក់ដូចជាលឿនពេក នៅក្នុងនិយាយអំពីអនាគត ថានឹងត្រូវធ្វើបែបណាចំពោះនាវាមួយនេះ។ យើងមិនអាចសន្មត់អ្វីមួយបានទេ លុះត្រាណាតែការស៊ើបអង្កេត ត្រូវបានធ្វើឡើងសិន»

គួរបញ្ជាក់ថា មនុស្សសរុប ៦៣នាក់បានទទួលរងរបួស ក្នុងនោះ ៤០នាក់ជានាវិក និង ២៣នាក់ជាជនស៊ីវិល ដែលពួកគេសុទ្ធសឹងតែជាក្រុមអ្នកប្រឹងប្រែង នៅក្នុងការជួយសង្គ្រោះនាវា USS Bonhomme Richard។ បើតាមមេបញ្ជាការនៃកងទ័ពជើងទឹកអាមេរិក ប្រចាំទីក្រុងសានឌីហ្គោ ឧទ្ធម្ភាគចក្រដឹកទឹកបានធ្វើសកម្មភាពសរុបជាង ១,៥០០លើក ដើម្បីដឹកនាំទឹកមកស្រោចលើនាវាដែលឆាបឆេះ ខណៈរថយន្តពន្លត់ និងទូកបាញ់ទឹកបានចូលរួមសកម្មភាពពន្លត់ រហូតដល់ស្ថានការណ៍ត្រូវបានគ្រប់គ្រង។

នាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard មានបណ្តោយប្រវែង ២៥៧ម៉ែត្រ និងត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ១៩៩៨។ មុនការឆាបឆេះកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន USS Bonhomme Richard កំពុងស្ថិតនៅក្នុងការបង្កើនសមត្ថភាព ឬ upgrade ដើម្បីឲ្យវាអាចផ្ទុកនាវិកបានរហូតដល់ ១,០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង