ខាងភាគីថៃ កំណត់ឲ្យរថយន្តរបស់អាជីវករ ចូលក្នុងមួយថ្ងៃចំនួន ៥០គ្រឿង

(បន្ទាយមានជ័យ)៖ យោងតាមការផ្សាយក្នុងបណ្តាញសង្គម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាចេញពីប្រទេសជូនអាជីវករខ្មែរ ដែលមានតូបលក់ដូរក្នុងផ្សាររោងក្លឿ ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីទៅពិនិត្យទំនិញរបស់ពួកគាត់ តាមការឯកភាពរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃឡង់ដ៍។
សូមបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យទំនិញនោះ ខាងភាគីថៃ បានកំណត់ឲ្យរថយន្តរបស់អាជីវករ ចូលក្នុងមួយថ្ងៃចំនួន ៥០គ្រឿង ក្នុងមួយគ្រឿងមនុស្ស ០២នាក់ ដោយគិតចាប់ពីវេលាម៉ោង ០៨និង០០នាទី ដល់វេលាម៉ោង ១០និង០០នាទី និងចេញមកវិញឲ្យអស់នៅវេលាម៉ោង ១៣និង០០នាទីរសៀល នាថ្ងៃដដែល។
ដោយឡែកខាងភាគីថៃ អនុញ្ញាតឲ្យរថយន្តរបស់អាជីវករខ្មែរចេញ-ចូលក្នុងមួយសប្តាហ៍ តែ ០៦ថ្ងៃប៉ុណ្ណោះ លើកលែងតែថ្ងៃសៅរ៍ មិនអនុញ្ញាតឲ្យចេញ-ចូល៕

អត្ថបទដែលជាប់ទាក់ទង