អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ បានតស៊ូនៅថ្ងៃទីពីរ ពីលើអាកាសផង តាមផ្លូវគោកផង និងតាមផ្លូវទឹក

(អន្តរជាតិ)៖ អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ បានតស៊ូនៅថ្ងៃទីពីរ ពីលើអាកាសផង តាមផ្លូវគោកផង និងតាមផ្លូវទឹក កាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ដើម្បីជួយសង្គ្រោះនាវាចំបាំងអាមេរិកមួយ ដែលបានឆាបឆេះ ខណៈកំពុងចូលចតនៅឯកន្លែងផលិតនាវា San Diego រីឯចំនួននាវិក និងជនស៊ីវិល ដែលរងរបួសនៅក្នុងអគ្គិភ័យបានកើនឡើងជិត ៦០នាក់ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

USS Bonhomme Richard ជានាវាវាយប្រហារដ៏ធំទី២ នៅក្នុងកងនាវាជើងទឹកសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងអគ្គិភ័យមានផ្សែងអ័ព្ទនៅឡើយ កាលពីថ្ងៃច័ន្ទ ។ អគ្គិភ័យនេះ អមដោយការផ្ទុះឡើងមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅកន្លែងផ្ទុកនាវា ប្រវែង ២៥៧ ម៉ែត្រ បានចូលចតដើម្បីថែទាំជាប្រចាំនៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិក San Diego ។
ឧត្តមនាវីទោ Philip Sobeck បានប្រាប់សន្និសីទសារព័ត៌មានថា ចាប់តាំងពីពេលនោះមក អណ្តាតភ្លើងបានរាលដាលពាសពេញនាវា ចូលទៅក្នុងប៉ម និងសំណង់ផ្សេងៗទៀតនៅខាងលើនាវា ។ ដោយសារតែនាវាចម្បាំងនេះ កំពុងធ្វើការជួសជុលនៅពេលនោះ មានតែបុគ្គលិក ១៦០ នាក់ប៉ុណ្ណោះ នៅលើនាវា ហើយគ្រាប់រំសេវសំខាន់ៗទាំងអស់ ត្រូវបានយកចេញពីកប៉ាល់នេះ ជាការអនុវត្តស្តង់ដារសុវត្ថិភាព ។ ឧទ្ធម្ភាគចក្រ បានទម្លាក់ទឹកពេញមួយថ្ងៃច័ន្ទ ខណៈពេលដែលនាវាពន្លត់អគ្គិភ័យ បានបាញ់ទឹកដាក់នាវាកំពុងឆេះ ។

នៅពេលសួរថា តើកប៉ាល់នេះអាចឆេះខូចហួសពីការជួសជុលទេ លោក Sobeck បាននិយាយថា “សង្ឃឹមថា” វាអាចរួចផុតពីគ្រោះថ្នាក់ ។ នៅពេលយើងពន្លត់ភ្លើងដែលជាអាទិភាព ពេលនោះយើងនឹងធ្វើការវាយតម្លៃ» ។
មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យរបស់កងទ័ពជើងទឹក បានប្រាប់រ៉យទ័រថា មិនមានភ័ស្តុតាងណាមួយ ដែលបង្ហាញពីការប្រព្រឹត្ដមិនល្អនោះទេ ។

កងទ័ពជើងទឹកបាននិយាយថា នាវិក ៣៦ នាក់ និងជនស៊ីវិល ២៣នាក់ ត្រូវបានទទួលការព្យាបាលរបួសស្រាល រួមមាន ការហត់នឿយ កំដៅ និងការស្រូបផ្សែង ហើយគ្មានបុគ្គលិកណាម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឡើយ ។

នាវា Bonhomme Richard បានដាក់ឲ្យប្រតិបត្តិការនៅក្នុងឆ្នាំ១៩៩៨ ត្រូវបានគេរចនាឡើង ដើម្បីដឹកឧទ្ធម្ភាគចក្រ និងទាហានជើងទឹក ចូលទៅក្នុងសមរភូមិ ៕

អត្ថបទដែលជាប់ទាក់ទង