ភ្ញាក់ផ្អើល! កូនក្មេងអាយុទើប២ឆ្នាំ បានដើរមិនប្រយ័ត្ន ក៏ធ្លាក់ចូលលូ

(ភ្នំពេញ)៖ នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកូនក្មេងអាយុទើប២ឆ្នាំ បានដើរមិនប្រយ័ត្ន ក៏ធ្លាក់ចូលលូ ភ្លាមៗនោះឪពុកក្មេងនោះលូកដៃទាញចាប់ដែរ តែមិនទាន់ រហូតដល់ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយបើកគំរបលូ និងចុះរាវរកក្មេងនោះឃើញវិញ ដែលហេតុការណ៍នេះកើតឡើងនៅចំណុចខាងជើងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីប្រពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះបានដើរសុខៗ ស្រាប់តែរអិលធ្លាក់ចូលលូ នៅពេលធ្លាក់ចូលមាត់លូនោះ ភ្លាមនោះ ឪពុកស្ទុះចូលទៅចាប់មកវិញមិនទាន់ មួយសន្ទុះដំបូង ឪពុករាវរកមិនឃើញទេ ព្រោះធ្លាក់ចូលទៅទាក់សរសៃដែកមួយក្នុងលូ ជាប់ខោក្មេង គ្រាន់តែឈ្លក់ទឹកសន្លប់ប៉ុណ្ណោះ ។

ប្រភពបន្តថា ទាល់តែក្រុមសន្តិសុខផ្សារនាគមាស កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌទួលគោក និងប្រជាពលរដ្ឋ និងឪពុកក្មេង នាំគ្នាបើកគំរបលូចេញភ្លាម ដើម្បីជួយសង្គ្រោះក្មេងបានទាន់ពេលវេលា ហើយនៅមានដង្ហើម ទើបដឹកតាមម៉ូតូបញ្ជូនទៅដល់មន្ទីរពេទ្យហើយ៕

អត្ថបទដែលជាប់ទាក់ទង