រថយន្តកាមរីមួយគ្រឿង ត្រូវបានម្ចាស់វាបើកយ៉ាងលឿនពេលដល់ចំនុចផ្លូវកោង ក៏ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ

(កណ្តាល)៖ រថយន្តកាមរីមួយគ្រឿង ត្រូវបានម្ចាស់វាបើកយ៉ាងលឿនពេលដល់ចំនុចផ្លូវកោង ក៏ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសបាក់ភ្លៅខាងឆ្វេងស្ត្រីម្នាក់ និងរបួសកជើងស្ដាំស្ត្រីម្នាក់ នាយប់ថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកTOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ កណ្ដាល2D-9919 អ្នកបើករថយន្តមិនទាន់ស្គាល់ឈ្មោះ ភេទស្រី រងរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង និងអ្នករួមដំណើរម្នាក់ឈ្មោះហ៊ សេងហ៊ាង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅរបួសកជើងខាងស្ដាំ។

លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តខាងលើបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាង ក៏បានបុកចូលផ្ទះ លោកសៀក ប៊ុនលី រួចរថយន្តបង្កបានខ្ទាតទៅបុករថយន្ត០៣ គ្រឿងទៀតដែលចតនៅខាងមុខយានដ្ឋានជួសជុលរថយន្ត សេង ហុង រួមមានទី១-រថយន្តម៉ាក starex ,ទី២-រថយន្តម៉ាក RAV 4និងទី៣-រថយន្តម៉ាក Land cruiser។ខូតខាតរថយន្ត០៤គ្រឿង(ធ្ងន់០១គ្រឿង) និងទ្វារផ្ទះទ្វារដែករូតប្រវែង ០៨ ម៉ែត្រ ។

ក្រោយពេលកើតហេតុ មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។ មូលហេតុមកពីអ្នកបើករថយន្តTOYOTA CAMRYពណ៌ស ពាក់ផ្លាកលេខកណ្ដាល2D-9919 បើកបរក្នុងល្បឿនលឿនលើផ្លូវកោងខ្វះការប្រុងប្រយ័ត្ន ៕

អត្ថបទដែលជាប់ទាក់ទង