ជនសង្ស័យ ៥នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមពួកគេ ធ្វើការផុសលក់ដីរបស់រដ្ឋនៅក្នុងភូមិសាស្ត្រស្រុកក្រគរ

(ពោធិ៍សាត់)៖ ជនសង្ស័យ ៥នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមពួកគេ ធ្វើការផុសលក់ដីរបស់រដ្ឋនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់តាមបណ្តាញសង្គម Facebook លើគណនីឈ្មោះ ឈិត វីរៈ ។

កិច្ចប្រតិបត្តិការឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយ អភិបាលរងនៃគណៈអភិបាលខេត្ត លោក ចេងឡៃ ដោយមានការចង្អុលបង្ហាញពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអាយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយ កាន់យ៉ា។

បើតាមកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៥ ជាប់ពាក់ព័ន្ធករណីធ្វើការបង្ហោះលក់ដីរដ្ឋដោយខុសច្បាប់ ដែលបានផ្ទេរពី សម្បទាន សេដ្ឋកិច្ច មកសង្គមកិច្ច គ្រោងនឹងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុចដំបូង១០០ ក្នុងភូមិដំបូង១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អ្នកទាំង៥ ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន សុទ្ធតែមានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង រួមមាន៖ ទី១. ឈ្មោះ អ៊ឹម ទិត្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង, ទី២. ឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង, ទី៣. ឈ្មោះ ឈិត វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ទី៤. ឈ្មោះ ទីវ សុជា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៥. ឈ្មោះអ៊ុកសារី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង