ម៉ូតូសណ្តោងរ៉ឺម៉ក បុកឡានបាឡែនចំពីក្រោយរួចខ្ទាតទៅបុករថយន្តដឹកដី បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរបួសធ្ងន់

(សៀមរាប)៖ ម៉ូតូសណ្តោងរ៉ឺម៉ក បុកឡានបាឡែនចំពីក្រោយរួចខ្ទាតទៅបុករថយន្តដឹកដី បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង២៩នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចបង្គោលគីឡូលេខ ២៩៧-២៩៨ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើយោងតាមលោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ាកហុងដា សេ១២៥សេរី ២០១០ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H.9030 បើកបរដោយឈ្មោះ កាយ ម៉ាប ភេទប្រុសអាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកប្រពន្ធពីក្រោយ ឈ្មោះ ក្រឹម ស្រីខួន អាយុ ២៥ឆ្នាំសញ្ជាតិខ្មែរ ដែលបើកបរពីទិសខាងលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុ រ៉ឺម៉ក់ខាងលើ បានជ្រុលបុកនឹងរថយន្ដម៉ាក កាមរីបាឡែនពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2Y.94 79 បើកបរដោយឈ្មោះ ឆែម លាងសុង ភេទប្រុសអាយ៤២ឆ្នាំសញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិ តាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ក្នុងទិសដៅស្របគ្នា។

ក្រោយពេលកើតហេតុរួច ម៉ូតូសណ្ដោងរ៉ឺម៉កវេចង្កូតទៅបុកជាមួយរថយន្ដដឹកដី ម៉ាក នីសាន់ពណ៌ទឹកស ពាក់ផ្លាកលេខ តាកែវ3A. 2621 មួយគ្រឿងទៀតបណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូខ្ទាតចូលក្រោមរថយន្តកិនស្លាប់តែម្តង។

លោកបន្តថា ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ដដឹកដី បានរត់គេចខ្លួនបាត់។ លោកបញ្ជាក់ថា ករណីនេះ បណ្តាលមកពីម៉ូតូសណ្ដោងរម៉ក បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ចំពោះវត្ថុតាងទាំងបីគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង