ប្រទេសចិននឹងមិនអត់ឱន ចំពោះទង្វើលួចបន្លំមូលប័ត្រ និងគណនេយ្យភាពណាមួយ កើតមានក្នុងប្រទេសរបស់ខ្លួនឡើយ!

(ប៉េកាំង)៖ ប្រទេសចិននឹងមិនអត់ឱន ចំពោះទង្វើលួចបន្លំមូលប័ត្រ និងគណនេយ្យភាពណាមួយ កើតមានក្នុងប្រទេសរបស់ខ្លួនឡើយ ព្រមទាំងបានប្តេជ្ញាថា នឹងចាត់រាល់វិធានការដើម្បីបង្ក្រាបលើឧក្រិដ្ឋកម្ម នៅក្នុងទីផ្សារមូលធនទាំងនោះទៀតផង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយនិយ័តករមូលប័ត្រចិន ក្រោយកិច្ចប្រជុំមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិនលោក លូ ហ៊ី (Liu He) ដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នាឱកាសនោះ ក្រុមនិយ័តករចិនបានលើកឡើងថា ពួកយើងនឹងបង្កើនទម្ងន់នៃការផាកពិន័យ និងបង្កើតក្រុមការងារ ដើម្បីបង្ក្រាបបទឧក្រិដ្ឋក្នុងទីផ្សារមូលធន ដែលកំពុងកើតឡើងនៅក្នុងទីផ្សាររបស់ចិន។

សេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំខាងលើ ក៏បានសង្កត់ធ្ងន់ទៀតដែរថា ការកើនឡើងនៃករណីក្លែងបន្លំហិរញ្ញវត្ថុ នាមួយរយៈពេលចុងក្រោយនេះ គឺជាលទ្ធផលនៃការចំណាយទាបក្នុងការបំពានទីផ្សារមូលធន។ ដូច្នេះការធ្វើកម្រែទម្រង់គឺជារឿងចំបាច់បំផុត ជាពិសេសទៅយន្តការ​នៃការដកក្រុមហ៊ុនមិនល្អមួយចំនួន ចេញពីទីផ្សារមូលប័ត្ររបស់ចិន។

គួរជម្រាបថា គណៈកម្មការនិយ័តករមូលប័ត្រចិន កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន GF Securities ដែកបានចូលរួមក្នុងបទល្មើសក្លែងបន្លំហិរញ្ញវត្ថុចំនួន ១២.៦ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុនផលិតឱសថកាងមី ( Kangmei)។ ក្រុមហ៊ុនមូលប័ត្រដ៏ធំមួយនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើអាជីកម្ម សម្រាប់រយៈពេល ០៦ខែ និងការធានារ៉ាប់រងហានិភ័យមូលប័ត្ររយៈពេល ១ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង