មនុស្សប្រុសស្រី ២នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងថយន្តធុនធំបើកបុកគ្នាជាមួយរថយន្តសាំយ៉ុង

(ពោធិ៍សាត់) ៖ មនុស្សប្រុសស្រី ២នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងថយន្តធុនធំបើកបុកគ្នាជាមួយរថយន្តសាំយ៉ុង ខណៈកំពុងបើកបរបញ្ច្រាស់ទិសគ្នា ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០.១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ដេវូ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F 2480 បើកបរដោយឈ្មោះ វង់ រក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុមានទីលំនៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែដាច់រឺម៉កសណ្ដោងខាងក្រោយក្រឡាប់ផ្ងារជើងនៅលើផ្លូវ ចំណែកក្បាលរថយន្តបានរេចង្កូតបន្តទៅបុករថយន្ត ១គ្រឿងទៀត បណ្ដាលឲ្យរងរបួសមនុស្សចំនួន ២នាក់ ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានអោយដឹងទៀតថា រថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2I 7347 រងការខូចខាតដែល បើកបរដោយឈ្មោះ អ៊ុក រុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន៍មសនទីនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (រងរបួស) ធ្វើដំណើរក្នុងទិសដៅពីលិចទៅខាងកើត និងមានអ្នករួមដំណើរឈ្មោះ ផល មាន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិ​ឃុំស្រុកជាមួយគ្នាបាន(រងរបួស)ផងដែរ ។

សេចក្តីរាយការណ៍ដដែលបានអោយដឹងទៀតថា ជនរងរបួសទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពអន្សាចំបក់ ដោយឡែក វត្ថុតាងរថយន្តទាំង ២គ្រឿងនាំយកមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង