ភ្ញៀវទេសចរណ៍ជាតិចំនួន ២នាក់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលដែលពួកគេកំពុងលេង​ទឹក

(ពោធិ៍សាត់)៖ ហេតុការណ៍ជាក់ស្ដែងនៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញមានភ្ញៀវទេសចរណ៍ជាតិចំនួន ២នាក់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលដែលពួកគេកំពុងលេង​ទឹក ។

សេចក្តីរាយការណ៍បានអោយដឹងថា រហូតមកដល់ម៉ោងនេះត្រូវបានកំលាំងនគបាលរកឃើញម្នាក់រងរបួសបាក់ជើង និងចង្កេះ កងកម្លាំងសមត្ថកិច្ចកំពុងបន្ដាក់គ្នាដូចខ្យង ដើម្បីតាមរកជនរងគ្រោះម្នាក់ទៀតដែលបន្តបាត់ខ្លួនផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ទឹកហូរកួចយកមនុស្សខាងលើ បានកើតឡើងនៅចំណុចរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បើយោងតាមសាក្សីដែលបានឃើញហេតុការណ៍ឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាសុីស្រា ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលនៅកន្លែងកើតហេតុផ្ទាល់ និងជនរងរបួសស្រុញក្បាលជង្គង់ខាងឆ្វេង និងចង្កេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលស្រុកវាលវែងថា គាត់កំពុងហូបបាយស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ គាត់ហក់ទៅជួយចាប់ដោយដៃម្ខាងចាប់ខ្សែពួ ឯដៃម្ខាងទៀតចាប់ជាប់អាវនារីនោះ ដោយសារទឹកហូរខ្លាំងក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឲ្យរងរបួសបែបនេះ ក្រោយគេរកគាត់ឃើញប៉ុន្មានម៉ោងក្រោយ ហើយត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

បើតាមការរៀបរាប់ពីបុរសដដែលនៅក្នុងហេតុការណ៍បញ្ជាក់ប្រាបើសមត្ថកិច្ចខាងលើថា នារីបាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ នូ រ៉ានាត អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកងកម្លាំងកំពុងសហការគ្នាតាមរុករកដើម្បីជួយសង្រ្គោះនារីដែលបាត់ខ្លួន។

សេចក្តីរាយការណ៍ពីរស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ១រសៀល ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ នេះសមត្ថកិច្ចនគរបាលវីរៈការពារព្រំដែនគោកលេខ 501 បានធ្វើការរុករកជាបន្តបន្ទាប់ឃើញសាកសពនារីរងគ្រោះដែលបានទឹកហូរកួចយកទៅនៅចំណុចទឹកធ្លាក់ចម្ងាយប្រមាណជា 50 ម៉ែត្រពីកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសពនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាននាំយកទៅពិនិត្យ និងកោសល្យវិច័យនៅឯមណ្ឌលសុខភាពឃុំប្រមោយស្រុកវាលវែងនិងបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិនាំយកទៅលំនៅខាងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង