សមត្ថកិច្ចឃាត់ខ្លួន ជនជាតិវៀតណាមម្នាក់​ជួញដូរ​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១គីឡូក្រាម

(ស្វាយរៀង)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ជាជនជាតិវៀតណាមរួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទូលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង។

ប្រតិតបត្តិការនេះស្តិតក្រោមការដឹកនាំសម្របសម្រូលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

សមត្ថិកិច្ចបានបន្តថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដោយបានចាប់ជនសង្ស័យតែម្តង។

ជនសង្ស័យឈ្មោះង្វៀង ហុងផុក ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំ ទម្ងន់១១គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់) ម៉ូតូ១គ្រឿង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព នាំគ្រឿងញៀនឆ្លង ដែនទៅកាន់ប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង