ប្រទេសកាណាដា មិនពិចារណាលើការដាក់ទណ្ឌកម្មជាបន្ទាន់ ប្រឆាំងនឹងប្រទេសចិន ចំពោះការប្រព្រឹត្តនៅទីក្រុងហុងកុង

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា តាមប្រភពពីរដ្ឋាភិបាលកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា មិនពិចារណាលើការដាក់ទណ្ឌកម្មជាបន្ទាន់ ប្រឆាំងនឹងប្រទេសចិន ចំពោះការប្រព្រឹត្តនៅទីក្រុងហុងកុង និងមិនចង់បង្កើនជម្លោះរវាងប្រទេសទាំងពីរឡើយ ។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីលោក Justin Trudeau បានព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុង ដោយហាមឃាត់ការនាំចេញទំនិញយោធា ដែលងាយរងគ្រោះ ហើយបាននិយាយថា ប្រទេសកាណាដាអាចជំរុញការធ្វើអន្តោប្រវេសន៍ ចេញពីអតីតអាណានិគមអង់គ្លេសមួយនេះ បន្ទាប់ពីទីក្រុងប៉េកាំង ដាក់ចេញច្បាប់សន្តិសុខជាតិថ្មី ។

ប្រភពដដែលបាននិយាយថា សមាជិកខ្លះនៃគណបក្សអភិរក្ស ចង់ឲ្យ លោក Trudeau ដាក់ទណ្ឌកម្មលើមន្រ្តីចិន ប៉ុន្តែការផ្លាស់ប្តូរបែបនេះ គឺស្ថិតនៅលើតុទេ ។

ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា “មានជំរើសជាច្រើនដែលយើងមាន” ។ នៅពេលសួរអំពីការដាក់ទណ្ឌកម្ម ប្រភពនោះ បានឆ្លើយតបថា “ឥលូវនេះវាមិនចាំបាច់ពិចារណាភ្លាមៗនោះទេ ប៉ុន្តែមានរឿងជាច្រើនដែលអាចកើតឡើង” ។ ទំនាក់ទំនងកាណាដា-ចិន កកស្ទះនៅចុងឆ្នាំ២០១៨ នៅពេលប៉ូលិសកាណាដាបានឃុំខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Technologies Co ឈ្មោះ Meng Wanzhou តាមដីកាចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ។

ប្រភពដដែល បាននិយាយនៅពេលសួរអំពីវិធានការរបស់កាណាដា លើទីក្រុងហុងកុងថា “យើងមិនស្វែងរកការបង្កើនជម្លោះណាមួយ ជាមួយប្រទេសចិនទេ” ។ វាមិនមែនជាបញ្ហានៃការព្យាយាមធ្វើអ្វីមួយ ដែលបង្កហេតុដោយចេតនានោះទេ គឺត្រូវចាត់វិធានការឆ្លើយតបទៅនឹងជំហានដែលចិនបានអនុវត្ត ។

ដោយឡែក ប្រទេសអូស្រ្តាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា និស្សិតហុងកុង និស្សិតបញ្ចប់ការសិក្សា និងកម្មករនៅក្នុងប្រទេសអូស្ត្រាលី ទទួលបានទិដ្ឋាការបណ្តោះអាសន្ននឹងមានឱកាសស្នាក់នៅ និងធ្វើការរយៈពេល ៥ឆ្នាំបន្ថែមទៀត ហើយបន្ទាប់មកអាចដាក់ពាក្យសុំស្នាក់នៅជាអចិន្ត្រៃយ៍ ៕

អត្ថបទដែលជាប់ទាក់ទង