ជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ បានប្រព្រឹត្តអំពើហិង្សាដោយប្រើមួកសុវត្ថិភាពវាយមកលើសមត្ថកិច្ច

(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋានម្លិះ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អំឡុងពេលប្រតិបត្តិការជំនាញ មានជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ បានប្រព្រឹត្តអំពើហិង្សាដោយប្រើមួកសុវត្ថិភាពវាយមកលើសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបានប្រើប្រាស់សិទ្ធិការពារខ្លួនទប់ទល់សភាពការណ៍ដើម្បីអនុវត្តភារកិច្ច និងឈានដល់ចាប់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាត់ សុវណ្ណារ៉េត ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ M៧២ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រីឯជនសង្ស័យចំនួន០២នាក់ទៀតបានរត់គេចខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ យើងខ្ញុំទទួលស្គាល់ថាសកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ យើងខ្ញុំចាត់ទុកថាកិច្ចការនេះជាបទពិសោធន៍ និងបានបញ្ជូនមន្ត្រីនគរបាលចំនួន០៣រូបពាក់ព័ន្ធនឹងប្រតិបត្តិការហិង្សាខាងលើ ទៅអង្គភាពតម្រួតបទបញ្ជារដើម្បីដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរីករាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា។ យើងខ្ញុំសូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គម សូមចៀសវាងការអត្ថាធិប្បាយលើករណីបុគ្គល ប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នអនុវត្តច្បាប់។ អាស្រ័យហេតុនេះ សូម សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន។

គួររំលឹកថា កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ដោយមានក្រុមស៊ីវិលមួយក្រុមបានប្រើប្រាស់ហិង្សាវាយទៅលើយុវជនម្នាក់បណ្តាលអោយសន្លប់និងធ្វើការចាប់ដាក់ទៅក្នុងរថយន្តជិះចេញទៅបាត់ រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាអ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយដល់កន្លែងកើតហេតុផងដែរ។ ហេតុការណ៍ខាងលើត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថាជាការចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ហើយមន្ទីរក៏បានទទួលស្គាល់ថាមន្ត្រីរបស់ខ្លួន ប្រើប្រាស់សិទ្ធិហួសព្រំដែន និងវិជ្ជាជីៈ ដែលប្រើហិង្សាលើជនសង្ស័យ ៕

អត្ថបទដែលជាប់ទាក់ទង