និស្សិតដែលបាត់ខ្លួន សង្ស័យជាករណីដាក់ថ្នាំក្នុងបំណងចាប់ជំរិត

(ភ្នំពេញ)៖ និស្សិតឈ្មោះ ព្រឿង សីហា ដែលបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ បានរកឃើញវិញហើយ បន្ទាប់ពីបងប្អូនសាច់ញាតិប្រ​កាស​ស្វែងរកតាមបណ្តាញគណនីសង្គមហ្វេសប៊ុកនិងដាក់ពាក្យបណ្ដឹងស្វែងរកអស់រយៈពេល ២ ថ្ងៃកន្លមកនេះ។

យោងតាម លោក ជាន វិចិត្រ ត្រូវជាសាច់ញាតិនិស្សិតរូបនេះ បានឱ្យដឹងថា និស្សិតរូបនេះ បានបាត់ខ្លួនកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ នៅវេលាម៉ោង ១០:០០ យប់ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ លោកថា មុនពេលបាត់ខ្លួន នៅម៉ោង ប្រមាណជា ១០:០០ យប់ មានគេឃើញ និស្សិតរូបនេះ ឈរនិយាយទូរស័ព្ទនៅក្បែរបន្ទប់ជួល ហើយបានចេញទៅក្រៅបាត់ដំណឹងរហូតទាក់ទងពុំបាន។ លុះដល់ភ្លឺឡើង មិត្តភក្តិដែលជាអ្នកស្នាក់នៅបន្ទប់ជួលជាមួយ បានប្រាប់សាច់ញាតិនិស្សិតដែលបានបាត់ខ្លួន ហើ​យ​បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។

លុះដល់រសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ ទើបសមត្ថកិច្ចរកនិស្សិតរូបនេះ ឃើញដោយស្រាវជ្រាវ តាមរយៈប្រព័ន្ធGPS ទូរស័ព្ទរបស់ជនរងគ្រោះ។ តាមសម្តីសាច់ញាតិជនរងគ្រោះ បញ្ជាក់ថា ការបាត់ខ្លួនរបស់និស្សិតរូបនេះ សង្ស័យជាករណីដាក់ថ្នាំក្នុងបំណងចាប់ជំរិត ព្រោះមានស្ថានភាពរងរបួសនៅលើផ្ទៃមុខ និងតាមការបញ្ជាក់ប្រាប់ទាំងរវើរវាយនៃជនរងគ្រោះបានឱ្យដឹងថា មានគេយកខ្លួនទៅឃុំនៅបន្ទប់មួយកន្លែង នៅផ្លូវជាតិ លេខ២ ទឹកដីខេត្តតាកែវ។

គួរបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ព្រឿង សីហា មានទីលំនៅ ភូមិដំរីកូន ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត បានមកបន្តការសិក្សា និងធ្វើការនៅរាជធានីភ្នំពេញ។ ទោះបីជាយ៉ាងណា នេះជាព័ត៌មានបឋមដែលទទួលបានពីសាច់ញាតិជនរងគ្រោះ យើងនៅពុំទាន់ដឹងជាក់ច្បាស់ពីទំហំទ្រព្យសម្បត្តិដែលបាត់បង់ និងជាករណីចាប់ជំរិតមែនឬយ៉ាងណានោះទេ ខណៈដែលប៉ូលិសកំពុងធ្វើការបន្តក្នុងរឿងនេះ ហើយជនរងគ្រោះនៅរវើររាយមិនទាន់អាចនិយាយក្បោះក្បាយបាននៅ    ឡើយ។ ព័ត៌មានលំអិតយ៉ាងណា CS News នឹងបញ្ជាក់ជូននៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង