ក្រសួងបរិស្ថាន ដោះអន្ទាក់បានចំនួនជាង ២ ម៉ឺនអន្ទាក់ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ពីក្នុងតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថានប្រកាសថា ដោះអន្ទាក់បានចំនួនជាង ២ ម៉ឺនអន្ទាក់ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ពីក្នុងតំបន់ការពារធម្មជាតិ ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ការពារធម្មជាតិ ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០,១៧៩ អន្ទាក់ ត្រូវបានដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត ។ នៅឆ្នាំ ២០១៩ កន្លងទៅអន្ទាក់ចំនួនជាង ៤ ម៉ឺនអន្ទាក់ត្រូវបានដោះចេញពី តំបន់ការពារធម្មជាតិ ។

ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឡើង ក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង អ្នកសារព័ត៌មាន ទៅកាន់ស្នាក់ការល្បាតស្ទឹងព្រាត់ក្នុងឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃទី​ ០៩ ខែកក្កដា ឆ្នាំ ២០២០ ។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង បរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និង ពោធិសាត់ អន្ទាក់ ចំនួន ៣២,៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០) ។

អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬ ខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត ។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ ។ អន្ទាក់ គឺជាឃាតកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែង ដល់ ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជពីលើផែនដីយើងនេះ ។

ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និង បំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ ។

ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់ ការដាក់អន្ទាក់ ចាប់សត្វ សូមបង ប្អូនប្រជាពលរដ្ឋ កុបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬ យកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈម មុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ ។

ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ និងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការបង្កើនជីវភាព ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់ ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដែលជាប់ទាក់ទង