ពលរដ្ឋជាច្រើននាក់ នាំគ្នាមកតវ៉ានៅមុខសាលាខេត្តប៉ៃលិន ក្រោយអាជ្ញាធរស្រុកសាលាក្រៅ បង្ខំឱ្យរុះរើផ្ទះចេញពីដី ដែលខ្លួនធ្លាប់រស់នៅ

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០នេះ ពលរដ្ឋជាច្រើននាក់នាំគ្នាមកតវ៉ាសុំអន្តរាគមន៍ ដោយសូមឲ្យលោកអភិបាលខេត្តប៉ៃលិន ជួយសម្រួលដល់ពួកគាត់ ក្នុងករណីអាជ្ញាធរស្រុកសាលាក្រៅ បានចេញសេចក្តីជូនដំណឹង ពីការចុះរុះរើសំណង់អាណាធិបតេយ្យ ដែលសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយដាក់កំណត់ត្រឹមថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ជាកំហិត។

ពលរដ្ឋទាំង១៥គ្រួសារ បានលើកឡើងថា ដីខាងលើនេះពួកគាត់រស់នៅជិត២០ឆ្នាំមកហើយ ដោយទិញពីគេ រួចបានសាងសង់ផ្ទះរស់នៅរហូតដល់សព្វថ្ងៃ។

ប្រជាពលរដ្ឋខាងលើ ត្អូញត្អែរថា បើខាងអាជ្ញាធរដេញពួកគាត់ចេញពីកន្លែងនោះ តើឲ្យគាត់ទៅនៅឯណា ព្រោះពួកគាត់គ្មានដីធ្លីផ្សេងទៀតទេ។ ម្យ៉ាងទៀតពួកគាត់សុទ្ធតែជាពលរដ្ឋក្រីក្រ ជាកម្មករដើរស៊ីឈ្មួលគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះសឹងតែដាច់បាយក៍មាន។ ពលរដ្ឋទាំងអស់ បានសំណូមពរដល់ប្រមុខរដ្ឋាភិបាល ជួយរកដំដោះស្រាយជូនពួកគាត់ផង។

ក្រោយពីមានការសម្របសម្រួលពីលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ដោយឲ្យពលរដ្ឋរស់នៅបន្តទៀតរង់ចាំ ខាងរដ្ឋបាលខេត្តត្រៀមរកដីមួយកន្លែង ដើម្បីឲ្យពលរដ្ឋទាំង១៥គ្រួសារទៅរស់នៅទីនោះ ដោយមួយគ្រួសារ ទទួលបានដីទំហំ៥គុណ២០ម៉ែត្រ។ ចំណែកពលរដ្ឋភាគច្រើនទទួល យកការដោះដូរនេះ តែរង់ចាំសប្តាហ៍ក្រោយ បន្ទាប់ពីកំណត់ទីតាំងច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង