ប៉ូលីសនៅក្នុងទីក្រុងសេអ៊ូលបានប្រកាសថា ពួកគេបានរកឃើញសាកសពលោក ផាកវុនស៊ូ អភិបាលក្រុងសេអ៊ូលហើយ បន្ទាប់ពីគាត់បានបាត់ខ្លួន

(អន្តរជាតិ)៖ ប៉ូលីសនៅក្នុងទីក្រុងសេអ៊ូលបានប្រកាសថា ពួកគេបានរកឃើញសាកសពលោក ផាកវុនស៊ូ អភិបាលក្រុងសេអ៊ូលហើយ បន្ទាប់ពីគាត់បានបាត់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។ កូនស្រីរបស់លោកផាក វុនស៊ូបានរាយការណ៍ប្រាប់ប៉ូលីសថា គាត់បានបន្សល់សំបុត្រមួយសន្លឹកមុននឹងគាត់ចាកចេញពីផ្ទះ។

សាកសពរបស់លោកផាក ត្រូវបានរកឃើញនៅលើភ្នំ Bugak ភាគខាងជើងទីក្រុងសេអ៊ូល ហើយនៅក្បែរនោះប៉ូលីសបានរកឃើញទូរសព្ទ័របស់គាត់ដែលនៅតែមានសញ្ញា ហើយវាបានផ្តល់តម្រុយឲ្យប៉ូលីសរកឃើញគាត់។ មានរបាយការណ៍ថា មានបុគ្គលិកស្រីម្នាក់បានគម្រាមប្តឹងលោកផាក វុនស៊ូ ដោយចោទថា លោកបានបំពានផ្លូវភេទលើនាង ក្នុងពេលតែប៉ុន្មានម៉ោងដែល លោកបាត់ខ្លួន។ ប៉ុន្តែគេក៏មិនទាន់ដឹងថា នេះជាមូលហេតុនៃមរណភាពរបស់គាត់ឬយ៉ាងណានោះទេ។ លោកផាក មិនបានបង្ហាញខ្លួននៅការិយាលយ័កាលពីថ្ងៃព្រហស្បត្តិ៍ និងបានលប់ចោលកិច្ចប្រជុំមួយជាមួយមន្ត្រីជំនួយការប្រធានាធិបតីនៅសាលាក្រុងសេអ៊ូល ព្រមទាំងមន្ត្រីសាលាក្រុងជាច្រើនរូបទៀត។

គួរំលឹកថា លោក ផាក បានជាប់ឆ្នោតធ្វើជាអភិបាលក្រុងនៅឆ្នាំ២០១១ និងបានជាប់ឆ្នោត៣អាណ្ណត្តិបន្តបន្ទាប់គ្នាទៀត។ លោកផាក ក៏ទំនងជាត្រូវបានត្រៀមបម្រុងសម្រាប់បេក្ខជនប្រធានាធិបតីកូរ៉េ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង