សេវាកម្មសង្គ្រោះបន្ទាន់ និងកងទ័ពជប៉ុន បាននិងកំពុងដាក់ពង្រាយ ដើម្បីទៅឲ្យដល់ផ្ទះរាប់ពាន់ខ្នង ដែលត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ និងការបាក់ដី

(អន្តរជាតិ)៖ សេវាកម្មសង្គ្រោះបន្ទាន់ និងកងទ័ពជប៉ុន បាននិងកំពុងដាក់ពង្រាយ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដានេះ ដើម្បីទៅឲ្យដល់ផ្ទះរាប់ពាន់ខ្នង ដែលត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ និងការបាក់ដីដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កការខូចខាតជាច្រើនកន្លែង ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃទី៩ ខែកក្កដានេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រជាជនជាង ៣,០០០ គ្រួសារ នៅជាប់គាំងដោយសារជំនន់ទឹកភ្លៀង ឬ ផ្លូវដែលត្រូវបានបំផ្លាញដោយការរអិលបាក់ដី ភាគច្រើននៅតំបន់ Kumamoto ភាគនិរតី ដែលរងគ្រោះខ្លាំងជាងគេ ។

ជំនន់ទឹកភ្លៀងបានចាប់ផ្តើមនៅភាគនិរតី កាលពីព្រឹកថ្ងៃសៅរ៍ ហើយចាប់តាំងពីពេលនោះមកបានបំផ្លិចបំផ្លាញទូទាំងប្រទេសជប៉ុន ដោយសារមានភ្លៀងធ្លាក់ច្រើន និងបណ្តាលឱ្យទឹកទន្លេឡើងខ្ពស់ និងបាក់ច្រាំង ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា “ភ្លៀងធ្លាក់ខ្លាំងទំនងជានឹងបន្តយ៉ាងហោចណាស់ រហូតដល់ថ្ងៃទី១២ ខែកក្កដា ក្នុងតំបន់ដ៏ធំមួយរបស់ប្រទេស ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃការបាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ។ JMA បានចេញបទបញ្ជាជម្លៀសប្រជាជនជាង ៤៥០,០០០ នាក់ ។

ទោះយ៉ាងណាក៏ដោយ ការបញ្ជាបែបនេះមិនមែនជាកាតព្វកិច្ចទេ ហើយអ្នកស្រុកភាគច្រើន កំពុងជ្រើសរើសមិនទៅកាន់ទីជម្រកបណ្តោះអាសន្នដោយភ័យខ្លាចជំងឺឆ្លង ។

មន្ត្រីនៅ Kumamoto បាននិយាយថា មនុស្ស ៥៥ នាក់ នៅក្នុងតំបន់នេះ ត្រូវបានគេអះអាងថា បានស្លាប់ ជាមួយនឹងមនុស្ស ៤ នាក់ផ្សេងទៀត បារម្ភអាចនឹងស្លាប់ ។

ការស្លាប់របស់មនុស្ស ២ នាក់ទៀត ត្រូវបានរកឃើញនៅកោះ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន ហើយមនុស្សច្រើនជាង ១២ នាក់ កំពុងបាត់ខ្លួន ឬ មិនបានរាប់បញ្ចូល ។

បន្ទាប់ពី ៥ ថ្ងៃ ត្រូវបានរារាំងដោយទឹកជំនន់ និងការបាក់ដី ទីបំផុតកងទ័ពបានជួយសង្គ្រោះអ្នកស្រុកប្រហែល ៤០នាក់ នៅក្នុងភូមិ Ashikita ក្នុងតំបន់ Kumamoto ។

លោកស្រី Kinuyo Nakamura អាយុ ៦៨ឆ្នាំ បានស្រក់ទឹកភ្នែកជាខ្លាំង នៅពេលនាងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀស ។ គាត់និយាយថា “ផ្ទះរបស់ខ្ញុំពិតជារញ៉េរញ៉ៃណាស់ ខ្ញុំមិនអាចរស់នៅទីនោះទៀតទេ” ។ លោកស្រីបានប្រាប់ទូរទស្សន៍រដ្ឋ NHK ថា “យើងធ្លាប់ឆ្លងកាត់គ្រោះមហន្តរាយទឹកជំនន់ជាច្រើនដងមកហើយ ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចពេលនេះទេ” ៕

អត្ថបទដែលជាប់ទាក់ទង