បុរសជនជាតិថៃអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានប៉ូលីសចាប់ឃុំខ្លួន និងរងការចោទប្រកាន់ថា បានចាប់រំលោភកូនស្រីចុងខ្លួនឯង

(អន្តរជាតិ)៖ បុរសជនជាតិថៃអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានប៉ូលីសចាប់ឃុំខ្លួន និងរងការចោទប្រកាន់ថា បានចាប់រំលោភកូនស្រីចុងខ្លួនឯង បានសម្រេចជាច្រើនលើក និងសេពគ្រឿងញៀន។

បើយោងតាមលោកឧត្តមសេនីយ៍ អាប់ពីសាន ចាយ៉ារ៉ាត មេបញ្ជាការកងទី៥នៃអង្គភាពប្រឆាំងការជួញដូរមនុស្ស បាននិយាយថា ប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់នេះ នៅនឹងផ្ទះរបស់គាត់តែម្តង ក្នុងស្រុកថាសាឡា ខេត្តណាខន ស៊ី ថាម៉ារ៉ាត កាលពីថ្ងៃអង្គារ។

លោកបានបន្តទៀតថា ការចាប់ខ្លួននេះ បានធ្វើឡើង ក្រោយពីមានពាក្យបណ្តឹងរបស់ម្តាយធំជនរងគ្រោះ។ ក្នុងពាក្យបណ្តឹងនោះ បានឲ្យដឹងថា កុមារីរងគ្រោះមានអាយុក្រោម១៥ឆ្នាំ ត្រូវបានចាប់រំលោភជាច្រើនដង ដោយឪពុកចុងរបស់នាង អស់រយៈពេលប្រមាណ៦ខែហើយ។

កុមារីរងគ្រោះ និងប្អូនស្រីនាងម្នាក់ទៀតអាយុ៤ឆ្នាំ ក៏ស្ថិតនៅក្នុងផ្ទះនោះដែរ ពេលដែលប៉ូលីសចូលទៅចាប់ខ្លួនជនល្មើស។

នៅក្នុងប៉ុស្តិ៍ប៉ូលីស កុមារីរងគ្រោះបានប្រាប់ប៉ូលីសថា ក្រោយពីឪពុកបង្កើតរបស់នាង បានស្លាប់ទៅកាលពីឆ្នាំ២០១៩ ម្តាយនាងបានយកនាង និងប្អូនស្រីមករស់នៅជាមួយបុរសម្នាក់នេះ ដែលក្រោយមក បានក្លាយជាឪពុកចុងរបស់នាង។

នៅអំឡុងខែមករា ពេលដែលទៅនេសាទត្រីជាមួយគាត់ ឪពុកចុងរូបនេះ ក៏បានចាប់រំលោភនាងនៅលើទូកតែម្តង ព្រមជាមួយការគម្រាម មិនឲ្យប្រាប់អ្នកណាឲ្យសោះ។ បន្ទាប់មកគាត់ ក៏តែងតែរំលោភលើខ្លួនប្រាណនាង ជាច្រើនលើកទាំងនៅលើទូកពេលចេញទៅនេសាទត្រី និងនៅក្នុងផ្ទះ។

ជនជាប់ចោទ នឹងត្រូវចោទប្រកាន់ពីបទរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសុទ្ធជាបទល្មើសឧក្រឹដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង