ជំនន់ទឹកភ្លៀង និងរអិលបាក់ដីនៅជប៉ុន សម្លាប់មនុស្សយ៉ាងតិច ៥០ នាក់ !

(អន្តរជាតិ)៖ សេវាកម្មសង្គ្រោះបន្ទាន់នៅភាគខាងលិចប្រទេសជប៉ុន បាន «ប្រណាំងប្រជែងនឹងពេលវេលា» នៅថ្ងៃអង្គារ ទី៧ ខែកក្កដានេះ ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់គាំងដោយសារទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំង ដែលយ៉ាងហោចណាស់មនុស្ស ៥០ នាក់ ស្លាប់ និងមានភ្លៀងធ្លាក់ខ្លាំងជាបន្តនៅឡើយ ។

ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានប្រកាសកម្រិតអាសន្នបន្ទាន់របស់ខ្លួន អំពីភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដីជុំវិញភាគនិរតីនៃកោះ Kyushu ដោយមានភ្លៀងធ្លាក់ច្រើន រហូតដល់ថ្ងៃព្រហស្បតិ៍ ។ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមតាំងពីព្រឹកថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថា នឹងកើនឡើង ។ មន្រ្តីម្នាក់នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេនៅ Kumamoto បានប្រាប់ AFP ថា ពេលនេះមានមនុស្សចំនួន ៤៩ នាក់ ត្រូវបានគេអះអាងថា បានស្លាប់ ជាមួយនឹងម្នាក់ទៀតដែលបារម្ភថា បានស្លាប់ ។ មន្ត្រី Yumaro Hamasaki បានប្រាប់ AFP នៅព្រឹកថ្ងៃអង្គារនេះថា “យើងកំពុងប្រណាំងប្រជែងនឹងពេលវេលា” ។

លោក Hamasaki បានប្តេជ្ញាថា “យើងមិនបានកំណត់ពេលវេលាដើម្បីបញ្ចប់ប្រតិបត្តិការនោះទេ ប៉ុន្តែយើងពិតជាត្រូវពន្លឿនការស្វែងរក នៅពេលវេលាដែលជិតអស់ ។ យើងមិនបោះបង់ចោលទេរហូតដល់ទីបញ្ចប់” ។ បុគ្គលិកជាង ៤ ម៉ឺននាក់ រួមទាំងប៉ូលិស និងអ្នកពន្លត់អគ្គិភ័យ ក៏ដូចជា ឆ្មាំសមុទ្រ និងកងទ័ព ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះប្រជាជន ដោយនៅមានមនុស្សប្រហែល ១២ នាក់ទៀតនៅបាត់ខ្លួននៅឡើយ ។ ទឹកទន្លេដែលហូរហៀរច្រាំងទន្លេបានបោកបក់ស្ពាន និងប្រែក្លាយផ្លូវទៅជាបឹង ដែលធ្វើឱ្យការចូលទៅជួយសង្គ្រោះអាចធ្វើទៅបាន ដោយក្បូន ឬ ឧទ្ធម្ភាគចក្រតែប៉ុណ្ណោះ ។

ស្ត្រីអាយុ ៧៨ ឆ្នាំ Nobuko Murakami ដែលផ្ទះរបស់គាត់ត្រូវបានបំផ្លាញដោយការរអិលបាក់ដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ខ្ញុំមិនអាចគេងលក់បានទេ ដោយសារសម្លេងទឹកភ្លៀងកំពុងរំខាន ។ ខ្ញុំបានរស់នៅទីនេះ អស់រយៈពេលជាង ៥០ ឆ្នាំហើយ ប៉ុន្តែខ្ញុំមិនដែលបានឃើញភ្លៀងធ្លាក់ខ្លាំងបែបនេះទេ ៕

អត្ថបទដែលជាប់ទាក់ទង