នាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិកចំនួន ពីរគ្រឿង កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង
(អន្តរជាតិ)៖ នាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិកចំនួន ពីរគ្រឿង កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះនៅជិតនាវាទាហានជើងទឹករបស់ចិន ។ មេបញ្ជាការនាវាទាហានជើងទឹកសហរដ្ឋអាមេរិកម្នាក់ក្នុងចំណោមនោះ បានបញ្ជាក់ប្រាប់ AP កាលពីថ្ងៃចន្ទ ។
លោកឧត្តមសេនីយ៍ James Kirk បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយថា «ពួកគេ (នាវាជើងទឹកចិន) បានឃើញយើង ហើយយើងក៏បានឃើញពួកគេដែរ» ។ ការធ្វើសមយុទ្ធយោធានេះបានចាប់ផ្ដើមឡើង កាលពីថ្ងៃទី៤ ខែកក្កដា ដែលជាទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ។ ទាហានជើងទឹករបស់សហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារបៀបនេះ កាលពីមុន ដើម្បីបង្ហាញពីកម្លាំងខ្លាំងក្លារបស់ខ្លួននៅក្នុងតំបន់នោះ ។ ក៏ប៉ុន្តែសមយុទ្ធយោធានៅឆ្នាំនេះ ត្រូវបានធ្វើឡើង ស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលសហរដ្ឋអាមេរិករិះគន់ចិន ចំពោះការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ។
សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ចិនថា បានកេងចំណេញពីជំងឺកូវីដ ១៩នេះ ដើម្បីទាមទារដែនដីកាន់តែច្រើននៅសមុទ្រចិនខាងត្បូង និងនៅកន្លែងដទៃទៀតផងដែរ ។ ក្រសួងការបរទេសចិន បានឱ្យដឹងថា សហរដ្ឋអាមេរិកបញ្ជូននាវាទាហានជើងទឹករបស់ខ្លួន ទៅកាន់សមុទ្រខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន ហើយចិនក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមបង្កឱ្យមានជម្លោះរវាងបណ្ដាប្រទេសនៅក្នុងតំបន់ ៕