សាកសពមនុស្សម្នាក់ ក្នុងស្ថានភាពរលួយស្អុយ ត្រូវបានអ្នកភូមិប្រទះឃើញកណ្តាលព្រៃក្បែរអូរប៉យ ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ សាកសពមនុស្សម្នាក់ ក្នុងស្ថានភាពរលួយស្អុយ ត្រូវបានអ្នកភូមិប្រទះឃើញកណ្តាលព្រៃក្បែរអូរប៉យ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។

លោក យ៉ាន់ សាណី នាយប៉ុស្តិ៍នគរបាលឃុំពូជ្រៃ បានឲ្យដឹងថា ករណីមានសាកសពស្អុយរលួយនៅកណ្តាលព្រៃបែបនេះ ខាងប៉ុស្តិ៍របស់លោកកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ។

លោក តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា សមត្ថកិច្ចចម្រុះកំពុងចុះពិនិត្យសាកសពដល់ទីតាំង ខណៈខាងជំនាញកំពុងធ្វើកោសល្យវិច័្ចយ ប៉ុន្តែក្រុមសមត្ថកិច្ចជំនាញ ហាក់ពិបាកស្រាវជ្រាវរកមូលហេតុ។

លោកប្រកាសថា មកដល់ពេលនេះ នគរបាលកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិសព បើសិនមានប្រជាពលរដ្ឋបាត់សមាជិក សូមទាក់ទងមន្រ្តីនគរបាលប៉ុស្តិ៍ពូជ្រៃ។

លោកអធិការបានឲ្យដឹងបន្តទៀតថា សាកសពដែលបានដេកស្លាប់កណ្តាលព្រៃនោះ គឺជាមនុស្សស្រី។ កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ពិនិត្យឃើញសាកសពមានសភាពស្អុយរលួយអស់ សល់តែស្បែក និងគ្រោងឆ្អឹង មានពាក់អាវសង្រែកពណ៌ស ស្លៀកខោខ្លីពណ៌ខ្មៅ ជើងខាងស្តាំរបូតចេញពីខ្លួនចម្ងាយ ១,៦០ម៉ែត្រ ដៃស្តាំឲ្យជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាល ពាក់កងដៃប្រាក់ចំនួន ៣កង ជើងខាងឆ្វេងសណ្តូកត្រង់ ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ ឬបែកទេ។

លោក តាត់ យ៉េន បន្ថែមថា «បើតាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញយើង ទៅលើទម្រង់មុខ សក់ និងកងដៃបញ្ជាក់ថាជាសាកសពមនុស្សស្រី តែពុំស្គាល់អត្តសញ្ញាណអ្នកស្លាប់ ដែលមានរយៈពេលប្រហែលជា ១ខែមកហើយ។ ក្នុងការពិនិត្យលើគ្រោងឆ្អឹងសាកសពទាំងមូល ពុំមានស្នាមបាក់បែកចំណុចណាមួយនោះឡើយ។ ដូច្នេះយើងមិនទាន់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនោះទេ»

អត្ថបទដែលជាប់ទាក់ទង