គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុងមួយគ្រឿង នៅភាគខាងកើតប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្សចំនួន ២២នាក់

(អ៊ីស្លាម៉ាបាដ)៖ គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុងមួយគ្រឿង នៅភាគខាងកើតប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រម្សិលមិញ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន ២២នាក់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

យោងតាមលោក រ៉ាចា អ៉ីចាស (Raja Ijaz) មន្ត្រីនៃសេវាកម្មសង្គ្រោះបន្ទាន់បានថ្លែងប្រាប់ឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរដែលមានឈ្មោះ ហ្សាហ៍ ហ៊ូស្សេន អិចប្រេស (Shah Hussain Express) បានបុករថយន្តក្រុងមួយគ្រឿង ដែលដឹកអ្នកដំណើរប្រមាណ ៣០នាក់ នៅឯស្រុក ហ្សេកឃូភើរ៉ា (Sheikhupura) នៃខេត្តផាន់ចាប់ (Punjab) ដែលស្ថិតភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យអ្នកដំណើរនៅលើរថយន្តចំនួន ២២នាក់បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះមាន ០៧នាក់ជាស្ត្រី។

មន្ត្រីប៉ូលីសនៅក្នុងតំបន់បាននិយាយថា គ្រោះថ្នាក់នេះគឺបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបររថយន្ត ដែលបានព្យាយាមបើកឆ្លងកាត់ផ្លូវដែកយ៉ាងលឿន ដោយមិនបានកត់សម្គាល់ឃើញរថភ្លើង ដែលមកកៀកទៅហើយនោះ។ បើតាមប្រភពដដែលនេះបានគូសបញ្ជាក់ថា អ្នកដំណើរភាគច្រើននៅក្នុងរថយន្តក្រុង ដែលបានស្លាប់បាត់បង់ជីវិតនោះ គឺជាអ្នកធ្វើធម្មយាត្រារបស់សាសនា ស៊ីក (Sikh) ដែលបានត្រឡប់មកពីការធ្វើសក្ការៈបូជា នៅស្រុកមួយនៃខេត្ត Punjab។

គួរជម្រាបថា គ្រោះថ្នាក់រថភ្លើង បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដែលភាគច្រើនបណ្តាលមកពី កង្វះការអនុវត្តច្បាប់សុវត្ថិភាពផ្លូវដែក ក៏ដូចជាការធ្វេសប្រហែសរបស់អ្នកបើកបរ។ កាលពីខែកម្ភៈកន្លងទៅនេះ គ្រោះថ្នាក់ប្រភេទនេះក៏បានកើតឡើងនៅក្នុងស្រុក រ៉ូរី (Rohri) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ១៩នាក់ និង ២៨នាក់ផ្សេងទៀតរបួស៕

អត្ថបទដែលជាប់ទាក់ទង