ប្រទេសថៃបានគ្រោងកញ្ចប់ថវិកាជាតិ ចំនួន ៣.៣ទ្រីលានបាត ឬស្មើជាង ១០៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១

(អន្តរជាតិ)៖ ប្រទេសថៃបានគ្រោងកញ្ចប់ថវិកាជាតិ ចំនួន ៣.៣ទ្រីលានបាត ឬស្មើជាង ១០៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១ ដោយបានបង្កើនបន្ថែមជាង ៣ពាន់លានដុល្លារ ដើម្បីជួយធ្វើឱ្យប្រសើរឡើងវិញ នូវកម្រិតជីវភាពពលរដ្ឋ និងស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។

មន្ត្រីទំនាក់ទំនងសាធារណៈ បានឲ្យដឹងកាលពីថ្ងៃទី០២ ខែកក្កដាថា មេដឹកនាំថៃគ្រោងដំឡើងថវិកាចំណាយទូទាំងប្រទេសរបស់រដ្ឋ ៣.១ភាគរយ ស្មើនឹងជាង ៣ពាន់លានដុល្លារ ដោយបង្កើនពី ៣.២ទ្រីលានបាត នៅឆ្នាំ២០២០ ឱ្យឡើងដល់ ៣.៣ទ្រីលានបាត នៅឆ្នាំ២០២១ ។

នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក ប្រាយុទ្ធ បានលើកឡើងថា សំណើថវិកាជាតិខ្ពស់ជាងឆ្នាំមុនជាង ៣ភាគរយ គឺដោយសារលោកមើលឃើញចំណូលពន្ធ អំឡុងជំងឺរាតត្បាតនៅឆ្នាំ២០២០ នេះ នៅបន្តមានភាពរឹងមាំនៅឡើយ ខណៈថវិកាបម្រុងអន្តរជាតិ មានជាង ២៣៥ពាន់លានដុល្លារ ។

លោក ប្រាយុទ្ធ បានថ្លែងនៅក្នុងកិច្ចប្រជុំសភាថា ការបង្កើនថវិកាជាតិ គឺដើម្បីជួយបង្កើនកម្រិតជីវភាពប្រជាជន និងស្តារកំណើនសេដ្ឋកិច្ចប្រទេសឱ្យរស់រវើកឡើងវិញ ក្រោយរងការប៉ះទង្គិចពីជំងឺរាតត្បាតជាសកល ។

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា លោកក៏គ្រោងនឹងប្រើថវិកាបន្ថែមថ្មីនេះ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស ជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ឬ ហៅកាត់ SME ពង្រឹងវិស័យទេសចរណ៍ កសិកម្ម ថាមពល សង្គម និងសេដ្ឋកិច្ចឌីជីថល ជាដើម ។

តាមប្រភពដដែល គម្រោងថវិកានេះ ក៏នឹងផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍ ពង្រឹងសេវាសាធារណៈ ពង្រីកការគ្រប់គ្រងធនធានទឹក និងកាត់បន្ថយការបំពុលបរិស្ថាន និងខ្យល់អាកាស ។

ទោះជាយ៉ាងណាក៏ដោយ សំណើថវិការបស់លោក មិនទាន់ត្រូវបានសភាបោះឆ្នោតអនុម័តយល់ព្រមនៅឡើយទេ ពោល គឺកំពុងជជែកពិភាក្សាដេញដោលក្នុងសភា ក្នុងចំណោមសមាជិកសភាមកពីគណបក្សនយោបាយចម្រុះ ដែលមានសម្ព័ន្ធបក្សកាន់អំណាច និងសម្ព័ន្ធបក្សប្រឆាំង ៕

អត្ថបទដែលជាប់ទាក់ទង