ប្រទេសវៀតណាម និងហ្វីលីពីន​ បានរិះគន់ការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងផ្នែកដែលមានជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង

(អន្តរជាតិ)៖ ប្រទេសវៀតណាម និងហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា បានរិះគន់ការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងផ្នែកដែលមានជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង ដោយព្រមានថា វាអាចបង្កើតភាពតានតឹងនៅក្នុងតំបន់ និងប៉ះពាល់ដល់ទំនាក់ទំនង រវាងទីក្រុងប៉េកាំង ជាមួយប្រទេសជិតខាង ។

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយថា សមយុទ្ធរបស់ចិននៅក្នុងដែនទឹក ក្បែរប្រជុំកោះ Paracel គឺជាការបង្កហេតុយ៉ាងខ្លាំង ខណៈក្រសួងការបរទេសវៀតណាម បានហៅសមយុទ្ធនោះថា ជាការរំលោភលើអធិបតេយ្យភាព ដែលអាចបង្កអន្តរាយដល់ទំនាក់ទំនងទីក្រុងប៉េកាំង ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ប្រទេសចិនបានកំណត់ពេលធ្វើសមយុទ្ធ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃពុធ នៅជិតប្រជុំកោះ Paracel នេះបើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនា របស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រហៃណាន ។

ប្រទេសវៀតណាម បានទាមទារអធិបតេយ្យ លើតំបន់ត្រួតស៊ីគ្នាជាមួយចិន លើប្រជុំកោះ Paracel។ ប្រទេសវៀតណាម និងហ្វីលីពីន គឺជាអ្នកប្រឆាំងក្នុងតំបន់ ដែលបញ្ចេញសម្លេងខ្លាំងបំផុត ចំពោះអ្វីដែលប្រទេសទាំងពីរបានចាត់ទុកថា ជាការរំលោភរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងការមិនគោរពព្រំដែន ដែលបានចែងនៅក្នុងច្បាប់សមុទ្រអន្តរជាតិ ។

ប្រទេសចិន បានទាមទារយុត្តាធិការជាប្រវត្តិសាស្ត្រ លើសមុទ្រប្រមាណ ៨០ ភាគរយ ។

លោក Delfin Lorenzana បានប្រាប់វេទិកាសន្តិសុខមួយថា “រឿងនេះមានការព្រួយបារម្ភខ្លាំងណាស់យើងមើលឃើញថា ជាការគួរឲ្យព្រួយបារម្ភ ។ ទីក្រុងហាណូយ និងទីក្រុងម៉ានីល បានព្រមានអំពីការកើនឡើងនូវអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ចំពេលមានការព្រួយបារម្ភរួម ទាំងសហរដ្ឋអាមេរិកផងដែរថា ប្រទេសចិនកំពុងប្រើប្រាស់ការរាលដាលនៃកូវីដ១៩ ដើម្បីបង្កើនសកម្មភាពកងទ័ពជើងទឹក និងជំរុញការប្រកាសទាមទារទឹកដីរបស់ខ្លួន ។

ទោះបីហ្វីលីពីនគ្មានការអះអាងចំពោះប្រជុំកោះ Paracel ក៏ដោយ ក៏ក្រសួងការបរទេស បាននិយាយថា ប្រទេសចិនធ្វើសមយុទ្ធហួសដែនទឹករបស់ខ្លួន គឺមិនអាចទទួលយកបានទេ ៕

អត្ថបទដែលជាប់ទាក់ទង