សមត្ថកិច្ចបានធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបាន ជនសង្ស័យពីរនាក់ ខណៈដែលពួកគេព្យាយាមជិះរត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូ ដាក់ព្រះពុទ្ធបដិមាករ ចំនួន១៤ ព្រះអង្គ

(ព្រៃវែង)៖ នៅថ្ងៃសុក្រទី៣ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបាន ជនសង្ស័យពីរនាក់ ខណៈដែលពួកគេព្យាយាមជិះរត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូ ដាក់ព្រះពុទ្ធបដិមាករ ចំនួន១៤ ព្រះអង្គ នៅលើកុដ ពីក្នុងវត្តវត្តព្រៃច្បារ ស្ថិតភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីខាងលើនេះ ក្រោយពេលជនល្មើស បានធ្វើសកម្មភាពលួចបានសម្រេចរួចមក ព្រះគ្រូចៅអធិការវត្ត ព្រៃច្បារ ដោយមានការសង្ស័យ ក៏បានទូរស័ព្ទរាយការណ៍ប្តឹងទៅសមត្ថកិច្ច។ ភ្លាមនោះសមត្ថកិច្ច ប៉ុស្តិ៍នគរបាលឃុំកំពង់សឹង សហការជាមួយប្រជាការពារ ក្រោមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការរដ្ឋាននគរបាលស្រុក ព្រះស្ដេច បានដេញតាមស្ទាក់ចាប់បានជនសង្ស័យពីរនាក់ និងវត្ថុតាងភ្លាមៗផងដែរ នៅវេលាម៉ោង ១២ និង៣០ នាទីថ្ងៃ ត្រង់ចំណុចផ្លូវជាតិលេខ១ ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ៖ ១.សាម វី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសាលាបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង២. ឈ្មោះ គង់ ហ្វារឹត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅសាលាបឹងឈូក សង្កាត់ លេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាងមាន៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ(ត) 1IH-2437, ព្រះពុទ្ធដិមាករ ១៤ព្រះអង្គ និងឧបករណ៍គាស់ទ្វារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាន ស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងតាមនិតិវិធី៕ 

អត្ថបទដែលជាប់ទាក់ទង